ខ្សែបម្រើ Mason Mount របស់ក្រុម Manchester United នឹងអវត្តមានការប្រកួតក្នុងក្របខណ្ឌ Premier League យ៉ាងហោចណាស់ ២ប្រកួត ដោយសារបញ្ហារបួសអំឡុងការបរាជ័យទល់នឹងក្រុម Tottenham Hotspur កាលពីសប្ដាហ៍មុន។
ក្រុមបិសាចក្រហមបាននិយាយថា Mount ទំនងជានឹងអវត្តមានរហូតដល់ក្រោយការសម្រាកអន្តរជាតិនៅថ្ងៃ FIFA Day ដោយសារតែបញ្ហារបួសមួយដែលមិនត្រូវបានបញ្ជាក់ ដែលបានកើតឡើងនៅក្នុងការបរាជ័យ ២-០ កាលពីចុងសប្តាហ៍មុន។
Mount បានចូលរួមជាមួយ Manchester United ពី Chelsea កាលពីខែមិថុនា ក្នុងកិច្ចព្រមព្រៀងដែលមានតម្លៃ ៥៥ លានផោន ជាមួយនឹងប្រាក់បន្ថែម។ ដូច្នេះ ខ្សែបម្រើអង់គ្លេសរូបនេះ នឹងអវត្តមានពីក្រុមរបស់លោក Erik ten Hag ដែលនឹងធ្វើជាម្ចាស់ផ្ទះទទួល Nottingham Forest នៅថ្ងៃសៅរ៍ ទី២៦ ខែសីហា ដែលនឹងមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ MyTV ចាប់ពីម៉ោង ៨:៥៥ នាទីយប់តទៅ។
Mount វ័យ ២៤ ឆ្នាំ ទំនងជាមិនត្រូវបានកោះហៅសម្រាប់ការប្រកួតវគ្គជម្រុះពានរង្វាន់ Euro 2024 របស់អង់គ្លេស ជាមួយអ៊ុយក្រែន នៅខែក្រោយផងដែរ។
ឆ្លងកាត់ការបង្ហាញខ្លួន ២ប្រកួត នៅដើមរដូវកាលថ្មីនេះ Mount ហាក់ដូចជាមិនទាន់អាចជះឥទ្ធិពលវិជ្ជមានសម្រាប់ក្រុមរបស់លោក Ten Hag នៅឡើយទេ។រូបគេត្រូវបានប្តូរចេញបន្ទាប់ពីលេងបាននាទី ៦៨ ក្នុងជ័យជម្នះ ១-០ របស់ United លើ Wolves នៅថ្ងៃប្រកួតបើកឆាក ហើយជំនួសដោយ Christian Eriksen ។ ខ្សែបម្រើរូបនេះ ក៏ត្រូវបានជំនួសដោយ Facundo Pellistri នៅនាទីទី៨៥នៃការប្រកួតរបស់ United នៅកីឡដ្ឋាន Tottenham កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន៕