លោក Pep Guardiola គ្រូបង្វឹក Man City នឹងខកខានដឹកនាំការប្រកួតនៅក្របខណ្ឌ Premier League ចំនួន២ប្រកួត បន្ទាប់ពីរូបលោកបានឆ្លងកាត់ការវះកាត់ព្យាបាលរបួសខ្នង។
បុរសវ័យ៥២ឆ្នាំ បានទទួលរងបញ្ហាឈឺឆ្អឹងខ្នងធ្ងន់ធ្ងរ ហើយលោកបានធ្វើដំណើរទៅកាន់ទីក្រុង Barcelona ប្រទេសអេស្ប៉ាញ ដើម្បីវះកាត់ព្យាបាលជាបន្ទាន់ ប៉ុន្តែមានការរាយការណ៍ឱ្យដឹងថា វាជាការវះកាត់ដែលមិនធំដុំនោះទេ។
សម្រាប់២ប្រកួតនៅក្របខណ្ឌ Premier League ដែលលោក Pep Guardiola នឹងខកខានបញ្ជាកូនក្រុមនោះ គឺការប្រកួតទល់នឹង Sheffield United និងការប្រកួតទល់នឹង Fulham ។
នៅខណៈនេះដែរ ជំនួយការគ្រូបង្វឹក លោក Juanma Lillo នឹងទទួលបន្ទុកក្រុមជាបណ្តោះអាសន្ន ខណៈលោក Pep Guardiola ត្រូវបានរំពឹងថា នឹងវិលមកកាន់តួនាទីវិញ ក្រោយបញ្ចប់ការសម្រាកអន្តរជាតិ។
ទាក់ទិននឹងរឿងនេះដែរ Man City បានចេញសេចក្តីថ្លែងការណ៍មួយថា៖ “លោក Pep Guardiola បានឈឺខ្នងធ្ងន់ធ្ងរមួយរយៈចុងក្រោយនេះ ហើយបានហោះហើយទៅទីក្រុង Barcelona ដើម្បីវះកាត់ជាបន្ទាន់។ យ៉ាងណា ការវះកាត់ទទួលបានជោគជ័យ ហើយឥឡូវនេះ លោក Pep បានធូរស្រាលហើយលោកនឹងធ្វើការស្តារនីតិសម្បទាឡើងវិញនៅទីក្រុង Barcelona។ យ៉ាងណា សមាជិក Man City ជូនពរលោក Pep អោយបានជាសះស្បើយឆាប់រហ័ស ដើម្បីវិលមកដឹកនាំក្រុមវិញ។”
សូមបញ្ជាក់ថា បច្ចុប្បន្ន ម្ចាស់ជើងឯក UEFA Champions League, Man City កំពុងឈរលេខ២ក្នុងតារាងពិន្ទុក្របខណ្ឌ Premier League ដោយមាន៦ពិន្ទុពីការប្រកួត២លើក។ ពួកគេនឹងធ្វើដំណើរទៅជួប Sheffield United ចុងសប្តាហ៍នេះ មុនបន្តជួប Fulham នៅថ្ងៃទី២ ខែកញ្ញា ខាងមុខ៕