កាតក្រហមលើខ្សែបម្រើ Alexis Mac Allister របស់ Liverpool ក្នុងការប្រកួតទល់នឹង Bournemouth ត្រូវបានសមាគមបាល់ទាត់អង់គ្លេស សម្រេចលុបចោលវិញ បន្ទាប់ពីការប្តឹងឧទ្ធរណ៍របស់ Liverpool ទទួលបានជោគជ័យ។
Mac Allister ត្រូវបានអាជ្ញាកណ្តាល Thomas Bramall ផ្តល់ក្រហម សម្រាប់ការប្រជែងលើ Ryan Christie អំឡុងពេល Liverpool ទទួលជ័យជម្នះ ៣-១ លើ Bournemouth នៅកីឡដ្ឋាន Anfield ។
ដំបូងឡើយ Allister ត្រូវព្យួរ ៣ ប្រកួតបន្ទាប់ ដែលប្រកួតទល់នឹង Newcastle, Aston Villa និង Wolves ប៉ុន្តែពេលនេះ គេនឹងមិនជាប់បម្រាមទៀតទេ។
ក្រោយការប្រកួតខាងលើ លោក Jurgen Klopp អ្នកចាត់ការទូទៅរបស់ក្រុម Liverpool បានបង្ហាញការមិនយល់ស្រមលើការសម្រេចចិត្តរបស់អាជ្ញាកណ្ដាលមកលើកូនក្រុមរបស់គាត់ឡើយ។
គាត់បាននិយាយថា៖ “ពួកយើងត្រូវតែពិចារណាលើបញ្ហានេះ ហើយគ្រប់គ្នាសុទ្ធតែបានយល់ស្រប។ ខ្ញុំយល់បើខ្ញុំជាអាជ្ញាកណ្ដាលក៏សម្រេចចិត្តដូចគ្នាក្នុងស្ថានភាពនោះ ប៉ុន្តែនៅពេលអ្នកមើលឡើងវិញ ផ្នែកប្រអប់ជើងខាងក្នុងរបស់គេនោះអត់មានកម្លាំងទេ”។
Liverpool នឹងធ្វើដំណើរទៅជួប Newcastle ក្នុងការប្រកួតសប្ដាហ៍ទី៣ នៃក្របខណ្ឌ Premier League ដែលមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ CTN នាថ្ងៃអាទិត្យ ទី២៧ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ១០:២៥ នាទីយប់តទៅ៕