×

Lucas Paquetaត្រូវបានស៊ើបអង្កេតលើការភ្នាល់ ចំពេលMan Cityចង់បានខ្សែបម្រើរូបនេះ

ស្របពេល Manchester City ដាក់សំណើដេញថ្លៃ ៨០លានផោនទៅកាន់ West Ham ខ្សែបម្រើ Lucas Paqueta ត្រូវបានស៊ើបអង្កេតដោយសមាគមនបាល់ទាត់អង់គ្លេសលើករណីភ្នាល់។

កិច្ចព្រមព្រៀងតម្លៃ ៨០ លានផោន ត្រូវបានយល់ព្រមកាលពីសប្តាហ៍មុន។ ប៉ុន្តែថ្មីៗនេះ West Ham ត្រូវបានជូនដំណឹងថា កីឡាករអន្តរជាតិប្រេស៊ីលរបស់ពួកគេ ជាកម្មវត្ថុនៃការស៊ើបអង្កេត លើការចោទប្រកាន់ថាពាក់ព័ន្ធនឹងការភ្នាល់។

ការផ្ទេរនេះ នៅតែអាចដំណើរការទៅមុខបាន ប៉ុន្តែប្រភពជិតស្និទ្ធអះអាងថាការផ្ទេរ Paqueta ទៅកាន់ Man City នៅតែអាចកើតឡើងក្នុងខែមករា។ កីឡាករវ័យ ២៥ ឆ្នាំរូបនេះ នឹងត្រូវស៊ើបសួរដោយសមាគមនបាល់ទាត់អង់គ្លេស ប៉ុន្តែសាមីខ្លួនបានបដិសេធថាមិនមានកំហុសអ្វីទាំងអស់។

Paqueta ត្រូវបានសង្ស័យថាបានជាប់ពាក់ព័ន្ធនឹងការភ្នាល់កាតលឿង ដែលរូបគេទទួលបានក្នុងការប្រកួតក្នុងដីរបស់ West Ham ទល់នឹង Aston Villa កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣។ ជាលទ្ធផល Paqueta ត្រូវបានពិន័យកាតលឿងដោយអាជ្ញាកណ្តាល Chris Kavanagh សម្រាប់ការបង្កកំហុសលើ John McGinn នៅនាទីទី៧០ ក្នុងការប្រកួតដែលបញ្ចប់ដោយលទ្ធផលស្មើ ១-១ ។ ការភ្នាល់នេះ ត្រូវបានរាយការណ៍ទៅកាន់សមាគមសុចរិតភាពអន្តរជាតិដែលបានជូនដំណឹងនេះបន្តទៅដល់ FIFA និងសមាគមបាល់ទាត់អង់គ្លេស។

កីឡាករវ័យ ២៥ ឆ្នាំរូបនេះ ត្រូវបានដកចេញពីក្រុមជម្រើសជាតិប្រេស៊ីល សម្រាប់ការប្រកួតជម្រុះ World Cup នៅខែក្រោយជាមួយប៉េរូ និងបូលីវី។

Paqueta ដែលនៅសល់កុងត្រា ៤ ឆ្នាំជាមួយ West Ham ត្រូវបានជូនកាតលឿង៩កាត ក្នុងការលេងឱ្យក្លិប និងក្រុមជម្រើសជាតិកាលពីរដូវកាលមុន៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង