ក្រុម West Ham United បានចុះហត្ថលេខាជាមួយអតីតខ្សែការពារក្រុម Arsenal កីឡាករ Konstantinos Mavropanos ពីក្រុម Stuttgart ។
ខ្សែការពារសញ្ជាតិក្រិករូបនេះ បានយល់ព្រមលើកិច្ចសន្យារយៈពេល ៥ ឆ្នាំជាមួយក្រុម West Ham និងជាកីឡាករទី៤ របស់ពួកគេក្នុងទីផ្សារដោះដូរកីឡាករនៅដើមរដូវកាល២០២៣-២៤។ គេនឹងពាក់អាវលេខ១៥។
Mavropanos បានប្រាប់គេហទំព័រផ្លូវការរបស់ក្លិបថា៖ “ខ្ញុំពិតជារីករាយ និងរំភើបក្នុងការមកទីនេះ ហើយបានត្រលប់មក Premier League ជាមួយ West Ham United”។
អ្នកចាត់ការទូទៅលោក David Moyes មានសេចក្ដីរីករាយជាខ្លាំងដែលបានបន្ថែម Mavropanos ទៅក្នុងបញ្ជីខ្សែការពារកណ្តាលរបស់គាត់ ដែលរួមមាន Kurt Zouma, Nayef Aguerd, Angelo Ogbonna និង Thilo Kehrer ។
ខ្សែការពារកណ្តាលវ័យ ២៥ ឆ្នាំខាងលើ បានចាប់ផ្តើមអាជីពនៅក្រុម PAS Giannina ក្នុងប្រទេសក្រិក មុនពេលលោក Arsene Wenger អតីតអ្នកចាត់ការក្រុមកាំភ្លើងធំ នាំយកទៅកីឡដ្ឋាន Emirates ក្នុងខែមករា ឆ្នាំ២០១៨។ គេលេងចំនួន ៧ដងសម្រាប់ក្រុម Arsenal ក្នុងក្របខណ្ឌ Premier League ។
បន្ទាប់ពីខ្ចីជើងជាមួយ Nuremberg និង Stuttgart, Mavropanos បានទទួលកិច្ចសន្យាអចិន្ត្រៃយ៍នៅដើមរដូវកាល២០២២-២៣ ជាមួយ Stuttgart ដោយនៅទីនោះ គេបានស៊ុតរកបានមួយគ្រាប់ដ៏សំខាន់ក្នុងការប្រកួតPlayoff ក្របខណ្ឌ Bundesliga កាលពីរដូវកាលមុន ដើម្បីរក្សា Stuttgart ឱ្យបន្តស្ថិតនៅក្នុងក្របខណ្ឌកំពូលរបស់អាល្លឺម៉ង់។
Mavropanos បានបង្ហាញខ្លួនជាអន្តរជាតិជាលើកដំបូងក្នុងខែមីនា ឆ្នាំ២០២១ និងលេងឱ្យប្រទេសរបស់គេបានចំនួន ២១ ប្រកួត។
អ្នកគាំទ្រ West Ham អាចឃើញកីឡាករចំណូលថ្មីរបស់ពួកគេជាលើកដំបូង នៅពេលដែលក្រុមរបស់ពួកគេជួបជាមួយក្រុមម្ចាស់ផ្ទះ Brighton ក្នុងការប្រកួតសប្ដាហ៍ទី៣ ក្របខណ្ឌ Premier League ៕