×

Chelsea ត្រៀមប្រកាសដៃគូឧបត្ថម្ភថ្មីដែលអាចឱ្យក្លិបរកចំណូលរាប់រយលានដុល្លារ

ក្រុម Chelsea ត្រូវបានរាយការណ៍ថាគ្រោងនឹងប្រកាសពីកិច្ចសហការជាមួយដៃគូឧបត្ថម្ភថ្មី នៅលើឯកសណ្ឋានរបស់ក្រុម សម្រាប់រដូវកាល២០២៣-២៤។

បន្ទាប់ពីចាប់ផ្តើមរដូវកាលថ្មីដោយពុំមានស្លាកសញ្ញានៅផ្នែកខាងមុខនៃអាវរបស់ពួកគេ ក្រុមតោខៀវ Chelsea ត្រូវបានរាយការណ៍ថានឹងសហការជាមួយក្រុមហ៊ុន Infinite Athlete ក្នុងកិច្ចព្រមព្រៀងដែលមានតម្លៃប្រហែល ៤០ លានផោន (៥០,៨លានដុល្លារអាមេរិក) ក្នុងមួយឆ្នាំ ជាមួយនឹងរយៈពេលនៃកិច្ចសហការនេះមិនត្រូវបានបញ្ជាក់នៅឡើយ។ នេះបើយោងតាមកាសែត The Telegraph ។

ក្រុមហ៊ុនបច្ចេកវិទ្យាខាងលើ បានយល់ព្រមលើកិច្ចព្រមព្រៀងជាមួយក្រុមតោខៀវ ហើយនៅតែរង់ចាំការចុះហត្ថលេខាជាផ្លូវការជាមួយក្រុមនៃក្របខណ្ឌ Premier League ប៉ុណ្ណោះ។

ថ្មីៗនេះ បន្ទាប់ពីកុងត្រា ៣ឆ្នាំរបស់ពួកគេជាមួយនឹងម៉ាក “3” បានផុតសុពលភាព ការរចនាដែលគ្មានស្លាកយីហោនៅផ្នែកខាងមុខអាវរបស់ Chelsea ក្នុងរដូវកាលនេះ ក៏ទទួលបានការកោតសរសើរជាច្រើនផងដែរ។ ទោះបីជាយ៉ាងណា ក្រុមរបស់លោក Mauricio Pochettino នឹងចេញអាវមួយទៀត ក្នុងប៉ុន្មានសប្តាហ៍ខាងមុខ។

បន្ទាប់ពីបរាជ័យក្រោមថ្វីជើងក្រុម West Ham ក្នុងក្របខណ្ឌ Premier League កាលពីសប្ដាហ៍មុន ក្រុមតោខៀវ Chelsea នឹងត្រូវជួបជាមួយក្រុមចំណូលថ្មី Luton Town នៅកីឡដ្ឋាន Stamford Bridge នៅក្នុងការប្រកួតសប្ដាហ៍ទី៣៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង