×

គ្រូ Bournemouth ទទួលស្គាល់ថា Mac Allister មិនសក្តិសមនឹងទទួលកាតក្រហម

ក្លិប Liverpool បានឈ្នះការប្តឹងឧទ្ធរណ៍ប្រឆាំងនឹងការផ្តល់កាតក្រហមពីសំណាក់អាជ្ញាកណ្តាលទៅលើខ្សែបម្រើ Alexis Mac Allister ហើយរូបគេនឹងត្រូវបានដកបម្រាម៣ប្រកួតវិញ។

កីឡាករអាហ្សង់ទីន វ័២៤ឆ្នាំ សមាជិកថ្មីថ្មោងរបស់ Liverpool ដែលទើបផ្ទេរមកពី Brighton បានទទួលពិន័យកាតក្រហមអំឡុងការប្រកួតយកឈ្នះលើ AFC Bournemouth ដោយលទ្ធផល ៣-១ ក្នុងក្របខណ្ឌ Premier League កាលពីចុងសប្តាហ៍មុន។

មុនបានកាតក្រហម Mac Allister បានប៉ះទង្គិចគ្នាពីការប្រជែងបាល់ជាមួយនឹងកីឡាករ Ryan Christie នៅក្នុងនាទី ៥៨ ហើយការពិន័យបណ្តេញចេញពីការប្រកួតបានបង្កអោយមានភាពចម្រូងចម្រាសយ៉ាងខ្លាំង។

ជុំវិញការសម្រេចនេះ គ្រូបង្វឹកក្រុម Bournemouth លោក Andoni Iraola ក៏បាននិយាយថា ការប៉ះទង្គិចមិនសក្តិសមទទួលបានកាតក្រហមឡើយ។

សេចក្តីថ្លែងការណ៍របស់សមាគមបាល់ទាត់អស់គ្លេស FA បានប្រកាសដកការដាក់ពិន័យលើ Mac Allister ចំនួន ៣ប្រកួត ក្រោយមានការត្រួតពិនិត្យឡើងវិញថា ការបណ្តេញចេញពីការប្រកួតគឺខុស។ ការប្រកួតបន្ទាប់របស់ Liverpool នោះ Alexis Mac Allister នឹងអាចបន្តជួយក្រុមបន្តទៀតក្រោយពីការដកការពិន័យ។

Liverpool បច្ចុប្បន្នកំពុងស្ថិតនៅចំណាត់ថ្នាក់លេខ ៥ នៅក្នុងក្របខណ្ឌ Premier League ក្រោយឆ្លងកាត់ ២ប្រកួតដើមរដូវកាល រកបាន ៤ពិន្ទុ ហើយការប្រកួតបន្ទាប់ក្រុមហង្សក្រហមត្រូវទៅជួបតទល់នឹងក្រុម Newcastle United នៅថ្ងៃអាទិត្យ ទី២៧ ខែសីហា ដែលផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ CTN តែមួយគត់ ចាប់ពីម៉ោង ១០:២៥ នាទីយប់តទៅ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង