ខ្សែការពារ Aymeric Laporte បានបញ្ជាក់ពីការចាកចេញរបស់ខ្លួន ពី Manchester City ស្របពេលមានការរាយការណ៍ពីការផ្ទេរទៅកាន់ក្លិប Al-Nassr ដែលមានអតីតកីឡាកររបស់ Premier League ពោលគឺ Sadio Mane និង Cristiano Ronaldo នៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត។
ក្លិបនេះ ត្រូវបានរាយការណ៍ថានឹងផ្ដល់ប្រាក់ ២៣,៥ លានផោនសម្រាប់ខ្សែការពារអេស្ប៉ាញ ដែលបានចំណាយពេល ៥ ឆ្នាំកន្លះ នៅកីឡដ្ឋាន Etihad ។
Laporte ដែលពីមុនត្រូវបានគេមើលឃើញថាជាគោលដៅសម្រាប់ក្រុម Arsenal បានឈ្នះពានរង្វាន់ Premier League ៥ដងជាមួយ Man City និងពាន Champions League, Carabao Cups សរុប៣ដង និង FA Cup ២ដង បន្ទាប់ពីចូលរួមកាលពីខែមករាឆ្នាំ២០១៨ ក្នុងតម្លៃ ៥៧ លានផោន។
មុនពេលចាកចេញ Laporte បានសរសេរសារលាដ៏រំជួលចិត្តដល់អ្នកគាំទ្រនៅលើបណ្តាញសង្គម។ កីឡាករវ័យ ២៩ឆ្នាំរូបនេះបានសរសេរថា៖ “រយៈពេល៥ឆ្នាំកន្លះមកនេះ នឹងត្រូវចងចាំមិនអាចបំភ្លេចបានសម្រាប់ខ្ញុំ។ អនុស្សាវរីយ៏ជាច្រើនខ្ញុំនឹងរក្សាជាប់ក្នុងបេះដូងរបស់ខ្ញុំជារៀងរហូត។”
“អរគុណម្តងទៀតសម្រាប់អ្វីៗទាំងអស់។ ខ្ញុំសូមជូនពរអ្នកឱ្យជួបតែសំណាងល្អនៅថ្ងៃអនាគត ហើយខ្ញុំនឹងនៅជាមួយអ្នករាល់គ្នាជានិច្ច”៕