×

Liverpool នឹងសម្រេចចិត្តលើអនាគតរបស់ Salah ក្រោយសំណើដេញថ្លៃពីក្រុមអារ៉ាប៊ីសាអ៊ូឌីត

ក្លិប Al Ittihad នៅលីគកំពូលរបស់អារ៉ាប៊ីសាអ៊ូឌីត បានរៀបចំសំណើដេញថ្លៃចុងក្រោយ ដើម្បីព្យាយាមចុះហត្ថលេខាយកខ្សែប្រយុទ្ធ Mohamed Salah ពីក្លិប Liverpool ទោះបីជាភ្នាក់ងាររបស់តារាឆ្នើមអេហ្ស៊ីបបានច្រានចោលពាក្យចចាមអារ៉ាមកាលពីដើមខែនេះម្ដងរួចហើយក៏ដោយ។

ក្លិបដែលមកពីក្របខណ្ឌ Saudi Pro League បានព្យាយាមនាំយក Salah ទៅកាន់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត មុនទីផ្សារដោះដូរកីឡាករនៅលីគកំពូលអង់គ្លេស Premier League ត្រូវបានបិទនៅចុងខែនេះ។

ខ្សែប្រយុទ្ធរូបនេះ គឺជាគោលដៅកំពូលរបស់ Al Ittihad ហើយពួកគេនៅតែចាប់អារម្មណ៍លើគាត់ ទោះបីជាភ្នាក់ងាររបស់ Salah លោក Ramy Abbas Issa បានចេញមកបញ្ជាក់ថា កីឡាកររូបនេះបានប្តេជ្ញាចិត្តបន្តស្នាក់នៅជាមួយ Liverpool ។

Salah បានចុះកុងត្រាថ្មីនៅ Anfield កាលពីឆ្នាំមុន ហើយនៅសល់កុងត្រារយៈពេល២ឆ្នាំទៀតជាមួយក្រុមហង្សក្រហម។

យោងតាមសារព័ត៌មាន Sky Sports ការសម្រេចចិត្តចុងក្រោយគឺស្ថិតនៅលើ Liverpool ដែលពួកគេមិនចង់លក់ខ្សែប្រយុទ្ធកំពូលរបស់ពួកគេឡើយ ប៉ុន្តែភាគីរបស់ Salah អាចនឹងពិនិត្យលើសំណើរបស់ Al Ittihad ។

Al Ittihad មានខ្សែប្រយុទ្ធ Karim Benzema អតីតកីឡាករ Real Madrid អតីតមិត្តរួមក្រុមរបស់ Salah គឺ Fabinho, N’Golo Kante អតីតកីឡាករ Chelsea និង Jota អតីតខ្សែបម្រើស្លាបរបស់ Celtic ។

ទីផ្សារដោះដូរកីឡាករនៅអារ៉ាប៊ីសាអ៊ូឌីត នឹងត្រូវបិទទ្វារនៅថ្ងៃទី៧ ខែកញ្ញា ពោលគឺមួយសប្តាហ៍បន្ទាប់ពីទីផ្សារដោះដូររបស់ Premier League បានបិទទ្វារនៅថ្ងៃទី១ ខែកញ្ញា៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង