Bournemouth ដែលមិនទាន់ស្គាល់ពាក្យថាឈ្នះនៅរដូវកាលនេះ នឹងធ្វើជាម្ចាស់ផ្ទះទទួលក្រុម Tottenham Hotspur ដែលទើបតែបានទទួលជ័យជម្នះដ៏សំខាន់កាលពីប្រកួតមុន នៅកីឡដ្ឋាន Vitality Stadium ដែលនឹងមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ MyTV តែមួយគត់ ចាប់ពីម៉ោង ៦:២៥ នាទីល្ងាចនេះតទៅ។
Bournemouth មាន១ពិន្ទុក្រោយ២ប្រកួតកន្លងទៅ បន្ទាប់ពីស្មើជាមួយ West Ham និងចាញ់ Liverpool ខណៈ Spurs វិញ បានស្មើ ២-២ ជាមួយ Brentford មុនពេលទទួលជ័យជម្នះលើ Man United ដោយលទ្ធផល ២-០។
Dango Ouattara ដែលបានស៊ុតបញ្ចូលទីគ្រាប់ចុងក្រោយរបស់ Bournemouth ក្នុងជ័យជម្នះ ៣-១ លើក្រុម Spurs ក្នុងកាលពីខែមេសារដូវកាលមុន នឹងអវត្តមានសម្រាប់ការប្រកួតនេះ។ Marcus Tavernier, Ryan Fredericks, Alex Scott និង Emiliano Marcondes ក៏អវត្តមានដូចគ្នា។ ក្រុមម្ចាស់ផ្ទះ អាចនឹងគ្មាន Lewis Cook និង Adam Smith ផងដែរ។
James Maddison ហាក់មានបញ្ហាប្រអប់ជើងក្រោយការប្រកួតទល់នឹងក្រុមបិសាចក្រហម។ Rodrigo Bentancur, Ryan Sessegnon និង Bryan Gil បន្តជាសះស្បើយពីរបួសធ្ងន់ធ្ងរ។
ដូចបានបញ្ជាក់ខាងលើ Bournemouth បានយកឈ្នះ Spurs នៅក្រៅដី កាលពីរដូវកាលមុន ដែលជាការជួបគ្នាលើកចុងក្រោយបំផុត។ ប៉ុន្តែ Spurs បានឈ្នះនៅជើងទីមួយ ក្នុងលទ្ធផលដូចគ្នា។ សរុបមក ការជួបគ្នា ៥លើកចុងក្រោយ ក្រុមទាំងពីរមានឈ្នះចាញ់ទៅវិញទៅមក និងស្មើ១ដង។
នេះអាចជាជម្រើស១១នាក់ដំបូងរបស់ Bournemouth ដែលអាចប្រើប្រាស់ទម្រង់ ៤-២-៣-១៖
Neto; Aarons, Zabarnyi, Senesi, Kerkez; Billing, Rothwell; Semenyo, Christie, Anthony; Solanke
នេះអាចជាជម្រើស១១នាក់ដំបូងរបស់ Spurs ដែលអាចប្រើប្រាស់ទម្រង់ ៤-២-៣-១៖
Vicario; Emerson, Romero, Van de Ven, Udogie; Sarr, Bissouma; Kulusevski, Lo Celso, Son; Richarlison
CBS Sports ទស្សន៍ទាញថាលទ្ធផលរវាងក្រុមទាំងពីរគឺ៖ Bournemouth ១-២ Spurs ៕