Jurgen Klopp អ្នកចាត់ការទូទៅរបស់ក្លិប Liverpool បង្ហាញការរីករាយដែលបានយកឈ្នះ Newcastle United ទោះនៅសល់គ្នាតែ១០នាក់ក៏ដោយ។
លោក Jurgen Klopp បានឱ្យដឹងថា ការឈ្នះរបស់ Liverpool ដែលសល់គ្នាតែ១០នាក់ទល់នឹង Newcastle អាចជាការប្រកួតដ៏ល្អបំផុតក្នុងអាជីពជាអ្នកចាត់ការរបស់គាត់។
Liverpool ត្រូវបានម្ចាស់ផ្ទះនាំមុខ ១គ្រាប់ និងបាត់បង់សមាជិកមួយរូបដោយសារកាតក្រហមទៅលើ Virgil van Dijk តាំងពីនាទីទី២៨ មុនពេលលោក Klopp បានសម្រេចចិត្តប្ដូរ Darwin Nunez នៅពេលម៉ោងធម្មតានៅសល់ត្រឹមតែ ១៣ នាទីចុងក្រោយ។
ខ្សែប្រយុទ្ធអ៊ុយរុយហ្គាយរូបនេះ គឺជាអ្នករកគ្រាប់បាល់ ២គ្រាប់ដើម្បីជួយឱ្យក្រុមហង្សក្រហមវាយបកទៅលើក្រុមសារិកាព្រៃដណ្ដើមបាន៣ពិន្ទុ។
ក្រោយការប្រកួតលោក Klopp បានឱ្យដឹងដូច្នេះថា៖ “ខ្ញុំគិតថាក្នុងចំណោម ១០០០ប្រកួតរបស់ខ្ញុំក្នុងនាមជាគ្រូបង្វឹក ឬអ្នកចាត់ការ ខ្ញុំមិនធ្លាប់ជួបការប្រកួតបែបនេះទេ វាជាការពិត”។
“មិនមែនមានន័យថាយើងមិនធ្លាប់ឈ្នះបែបនេះទេ ប៉ុន្តែគ្នា១០នាក់ក្នុងស្ថានភាពបែបនេះ ទល់នឹងគូប្រកួតបែបនេះ បើមើលថយក្រោយវិញ ខ្ញុំច្បាស់ណាស់ថារឿងបែបនេះមិនធ្លាប់កើតឡើងទេ ព្រោះពេលវេលាទាំងនេះគឺ កម្រ និងពិសេសណាស់”។
ជ័យជម្នះនេះ បន្ថែម ៣ពិន្ទុសម្រាប់ Liverpool តាមពីក្រោយ Manchester City ដែលកំពុងនាំមុខក្នុងកំពូលតារាង គម្លាត២ពិន្ទុ ក្នុង៣ប្រកួត។ Newcastle បានចាប់ផ្ដើមរដូវកាលថ្មី ជាមួយនឹងជ័យជម្នះ១ និងបរាជ័យ ២លើក ដែលធ្វើឱ្យពួកគេឈរនៅលេខ១៣ក្នុងសប្ដាហ៍ទី៣៕