×

លោក Pep Guardiola បង្កើតកំណត់ត្រាថ្មីទោះមិនបានឈរបញ្ជាក្រុម Man City

លោក Pep Guardiola មិនបានបង្ហាញខ្លួនក្នុងការប្រកួតជ័យជម្នះរបស់ក្រុម Man City ទៅលើក្រុម Sheffield United កាលពីចុងសប្តាហ៍កន្លងទៅមែន ប៉ុន្ដែលោកនៅតែអាចបំបែកកំណត់ត្រាថ្មីនៅក្នុងក្របខណ្ឌ Premier League បានដដែល។

ជាការពិត គ្រូបង្វឹកជនជាតិអេស្ប៉ាញ មិនអាចឈរបញ្ជាកូនក្រុមបាននៅឡើយទេ ដោយសារលោកបានទទួលការវះកាត់បញ្ហាខ្នង ហើយជំនួយការរបស់លោក Pep គឺលោក Juan Manuel Lillo ជាអ្នករ៉ាប់រងតួនាទីជំនួស។

សម្រាប់ការប្រកួតនាទីលាន Bramall Lane នោះគឺក្រុម Man City បានយកឈ្នះក្រុមម្ចាស់ផ្ទះ Sheffield United ដោយលទ្ធផល ២-១ ដែលជាការរកគ្រាប់ពី Erling Haaland និង Rodri សម្រាប់ក្រុមមេឃខៀវ ហើយ១គ្រាប់របស់ក្រុម Sheffield រកបានដោយ Jayden Bogle។

យ៉ាងណាមិញ សម្រាប់កំណត់ត្រាដែលលោក Pep Guardiola អាចធ្វើបាននៅក្នុងការប្រកួតលីគកំពូលអង់គ្លេសនេះ គឺលោកបានបំបែកកំណត់ត្រាគ្រូបង្វឹកដែលដឹកនាំក្រុមទទួលបានជ័យជម្នះ ២០០ប្រកួត ដោយចំណាយប្រកួតតិចបំផុតពោលគឺត្រឹមតែ ២៦៩ប្រកួតប៉ុណ្ណោះ។ វាបានក្លាយជាស្ថិតិ ដែលល្អជាងគ្រូបង្វឹកណាៗទាំងអស់នៅក្នុងក្របខណ្ឌ Premier League ។

សូមបញ្ជាក់ដែរថា ដោយសារត្រូវវះកាត់ព្យាបាលបញ្ហាខ្នង លោក Pep Guardiola នឹងខកខានបញ្ជាកូនក្រុមចំនួន២ប្រកួតនៅ Premier League គឺការប្រកួតទល់នឹង Sheffield United និងការប្រកួតទល់នឹង Fulham ។ លោក Pep នឹងត្រលប់មកបញ្ជាកូនក្រុមវិញ បន្ទាប់ពីចប់ការសម្រាកប្រកួតអន្ដរជាតិ ខណៈក្រុម Man City របស់លោក ជាក្រុមតែមួយគត់ដែលមិនទាន់របូតពិន្ទុនៅឡើយ នៅ Premier League ដោយពេលនេះពួកគេកំពុងឈរកំពូលតារាង មាន៩ពិន្ទុពេញ ក្រោយពីឆ្លងកាត់៣ប្រកួត រួចមក៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង