ក្លិប Liverpool បានច្រានចោលសំណើពីសំណាក់ក្លិប Al Ittihad មកពីប្រទេសអារ៉ាប៊ីសាអ៊ូឌីត ដែលចង់បានខ្សែប្រយុទ្ធឆ្នើម Mohamed Salah របស់ខ្លួន។
កីឡាករសញ្ជាតិអេហ្ស៊ីប វ័យ៣១ឆ្នាំ បានក្លាយជាគោលដៅរបស់ Al Ittihad ដែលមានខ្សែប្រយុទ្ធម្ចាស់ពានរង្វាន់ Ballon d’Or ឆ្នាំ ២០២២ Karim Benzema កំពុងតែប្រកបអាជីព។ រូបគេជាគោលដៅចុងក្រោយដែលក្លិបស្ថិតក្នុងក្របខណ្ឌ Saudi Pro league ចង់នាំយកទៅក្នុងនាមជាកីឡាករល្បីឈ្មោះពីតំបន់អឺរ៉ុបចុងក្រោយគេ ផ្លាស់ទៅកាន់ប្រទេសស្ថិតក្នុងតំបន់មជ្ឈិមបូព៌ា។
អតីតមិត្តរួមក្រុម Liverpool របស់គេរួមមាន ខ្សែបម្រើ Fabinho បានចាកចេញ ទៅចូលរួម Al Ittihad ជាមួយតម្លៃនៃការផ្ទេរប្រមាណ ៥០លានដុល្លារ កាលពីខែកក្កដា ហើយក្លិបម្ចាស់ជើងឯកលីគកំពូលអារ៉ាប៊ីសាអ៊ូឌីត ក៏បានត្រៀមកញ្ចប់លុយ សម្រាប់ការដេញថ្លៃនាំយក Salah។ Salah មានកិច្ចសន្យាជាមួយ Liverpool ដល់ឆ្នាំ២០២៥។
ក្លិបស្ថិតក្នុងប្រទេសអង់គ្លេស មិនមានចេតនាណាមួយ ក្នុងការចែកផ្លូវជាមួយ Mohamed Salah ឡើយ។ កាលពីមុន Liverpool ក៏បានដឹងអំពីចំណាប់អារម្មណ៍របស់ Al Ittihad ចំពោះ Salah តែពួកគេមិនទាន់ទទួលបានសំណើពីក្លិបមកពី Saudi Pro League ទេ។ ទោះជាយ៉ាងណា Liverpool នឹងច្រានចោលរាល់សំណើដែលនឹងដាក់សម្រាប់នាំយក Salah។
ដោយឡែកការផ្ទេរកីឡាករ ក្នុងទីផ្សារដោះដូរនៅក្នុងក្របខណ្ឌ Premier League នឹងត្រូវបិទនៅត្រឹមថ្ងៃទី១ ខែកញ្ញា តែទីផ្សារដោះដូរកីឡាករ សម្រាប់ក្លិបនៅ Saudi Pro league នៅតែអាចបន្តនាំយកកីឡាករ បានរយៈពេលជាង ២សប្តាហ៍បន្ថែមទៀត ដោយទីផ្សារនឹងត្រូវបិទនៅថ្ងៃទី២០ ខែកញ្ញា។ ពេលវេលានៃការដោះដូរកីឡាកររបស់ក្លិបនៅ Saudi Pro league បានឱកាសបន្ថែម ដល់ក្លិបក្នុងការនាំយកកីឡាករចូលរួមពីតំបន់អឺរ៉ុប។
ក្លិប Liverpool ក៏ជាក្លិបដែលមានកីឡាករចាកចេញ ទៅកាន់ក្លិបនៅប្រទេសអារ៉ាប៊ីសាអ៊ូឌីតច្រើនរូបដែរ ដោយរួមមានខ្សែប្រយុទ្ធ Roberto Firmino ខ្សែបម្រើ Fabinho និង Jordan Henderson ដែលជាអតីតប្រធានក្រុមហង្សក្រហមម្នាក់ផងដែរ៕