ខ្សែបម្រើ Bernardo Silva ជឿជាក់ថាក្រុម Man City នឹងសម្របខ្លួនបានល្អក្នុងពេលអវត្តមានរបស់គ្រូបង្វឹក លោក Pep Guardiola ដែលកំពុងតែទទួលការវះកាត់ព្យាបាលបញ្ហាឈឺខ្នង។
ជាការពិត លោក Pep Guardiola កំពុងតែទទួលការព្យាបាល បន្ទាប់ពីវះកាត់ខ្នងនាទីក្រុង Barcelona ហើយគ្រូជំនួយ លោក Juanma Lillo បានចូលដឹកនាំការប្រកួតរបស់ក្រុម Man City ជំនួស។ បុរសវ័យ ៥២ឆ្នាំ អវត្តមាន ក្នុងជ័យជម្នះរបស់ Man City លើ Sheffield United លទ្ធផល ២-១ រួចហើយ។
ជុំវិញរឿងនេះដែរ ខ្សែបម្រើ Bernardo Silva ដែលទើបបន្តកិច្ចសន្យាជាមួយនឹង Man City បាននិយាយថា ក្រុមមេឃខៀវត្រូវតែសម្របខ្លួនឱ្យបានល្អពេលគ្មានលោក Guardiola។
កីឡាករសញ្ជាតិព័រទុយហ្កាល់ វ័យ២៩ឆ្នាំ បាននិយាយប្រាប់គេហទំព័រក្លិបដូច្នេះថា៖ “វាមានផលប៉ះពាល់តិចតួច ប្រសិនបើគ្មានលោក Pep Guardiola រយៈពេល ២ឬ៣ខែ នោះវាអាចមានផលប៉ះពាល់ផ្សេងៗគ្នា។ ប៉ុន្តែ ២ប្រកួតមុនថ្ងៃ FIFA Day កីឡាករមួយចំនួនដែលធ្លាប់បានលេងក្រោមការដឹកនាំរបស់លោក Pep រយៈពេល ៧ឆ្នាំ ដឹងច្បាស់ថា គាត់ចង់បានអ្វីពីក្រុមការងារគ្រប់គ្នា។”
ក្រោយការប្រកួតរបស់ក្រុម Man City យកឈ្នះលើក្រុម Sheffield United លទ្ធផល ២-១ ការប្រកួតបន្ទាប់របស់ពួកគេនឹងត្រូវបន្តជួបក្រុម Fulham នៅថ្ងៃទី២ ខែកញ្ញា ដោយបន្តគ្មានវត្តមានលោក Pep Guardiola ។ ការព្យាបាលរបស់លោក Pep Guardiola ត្រូវបានក្លិបអះអាងថា លោកនឹងវិលត្រលប់មកដឹកនាំក្រុមវិញ ក្រោយពេលបញ្ចប់ការប្រកួត FIFA Day រួចរាល់។
ក្រោយកឈ្នះការប្រកួតទី៣ នៃ Premier League ក្រុម Man City រកបាន ៩ពិន្ទុពីជ័យជម្នះទាំង ៣ នាដើមរដូវកាលថ្មី ២០២៣-២៤។ Man City ជាក្រុមការពារតំណែងជើងឯក Premier league នឹងជាក្រុមដែលឈ្នះពានរង្វាន់ ៣ ក្នុងមួយរដូវកាលផងដែរ៕