×

ក្លិបAl Ittihadងាកទៅចាប់អារម្មណ៍កីឡាករArsenalនិងMan Utd ក្រោយការផ្ទេរMo Salahមិនទាន់ជោគជ័យ

ក្លិប Al Ittihad ត្រូវបានរាយការណ៍ថា កំពុងព្យាយាមនាំយកខ្សែការពារ Gabriel របស់ Arsenal និងខ្សែការពារ Raphael Varane របស់ Manchester United ដើម្បីពង្រឹងប្រព័ន្ធការពាររបស់ខ្លួននៅរដូវកាលនេះ។

ម្ចាស់ជើងឯកក្របខណ្ឌ Saudi Pro League បានដើរតួយ៉ាងសំខាន់ក្នុងការអភិវឌ្ឍលីគកំពូលអារ៉ាប៊ីសាអ៊ូឌីត បន្ទាប់ពីស្វាគមន៍ការមកដល់របស់ Karim Benzema, N’Golo Kante និង Fabinho ដែលសុទ្ធសឹងជាអតីតកីឡាករនៅអឺរ៉ុប។

យោងរបាយការណ៍ជាច្រើន បានអះអាងថា Liverpool បានបដិសេធការដេញថ្លៃ ១២៩ លានផោនពី Al-Ittihad សម្រាប់ខ្សែប្រយុទ្ធ Mohamed Salah កាលពីពេលថ្មីៗនេះ។ Salah អាចនឹងក្លាយជាកីឡាករដែលមានប្រាក់ខែខ្ពស់បំផុតនៅក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌីត។

Al Ittihad ក៏កំពុងពង្រឹងជើងក្រោមរបស់ពួកគេផងដែរ ខណៈត្រៀមប្រកួតប្រជែងនៅក្នុងការប្រកួត Club World Championships ។ អតីតខ្សែការពារក្រុម Real Madrid និង PSG កីឡាករ Sergio Ramos គឺជាជម្រើសមួយ ដោយកីឡាករវ័យ ៣៧ឆ្នាំរូបនេះបានចាកចេញពីកីឡដ្ឋាន Parc des Princes របស់ក្លិប PSG កាលពីចុងរដូវកាលមុន។ ម្ចាស់ជើងឯកអារ៉ាប៊ីសាអូឌីត ក៏បានបង្ហាញពីចំណាប់អារម្មណ៍លើ Gabriel និង Varane ផងដែរ។

Gabriel បានអង្គុយនៅកៅអីបម្រុងសម្រាប់ការប្រកួត ៣លើកកន្លងទៅរបស់ Arsenal នៅដើមរដូវកាលនេះ ហើយមិនត្រូវបានដាក់ឱ្យលេងកាលពីក្រុមកាំភ្លើងធំប្រកួតស្មើ២-២ ជាមួយ Fulham ។ រីឯ Varane បានប្ដូរចេញអំឡុងជ័យជម្នះរបស់ក្រុម Man Utd លើ Nottingham Forest ដោយលទ្ធផល ៣-២ ហើយក៏ជាអ្នករកគ្រាប់បាល់ជ័យជម្នះសម្រាប់ក្រុមបិសាចក្រហមក្នុងការប្រកួតបើកឆាកទល់នឹង Wolves ផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង