Raphael Varane របស់ Manchester United អាចត្រូវសម្រាករយៈពេលយូរ បន្ទាប់ពីរងរបួសពេលប្រកួតជាមួយ Nottingham Forest ក្នុងក្របខណ្ឌ Premier League កាលពីសប្ដាហ៍មុន។
Varane ត្រូវបានជំនួសក្រោយសម្រាកវគ្គទីមួយ ខណៈ Man Utd បានយកឈ្នះ Nott’m Forest ដោយលទ្ធផល ៣-២ ក្នុងការប្រកួតនៅសប្ដាហ៍ទី៣។ លោក Erik ten Hag អ្នកចាត់ការក្រុម Man Utd បានប្រាប់ក្រោយចប់ការប្រកួតថា កីឡាករសញ្ជាតិបារាំងរូបនេះ ត្រូវបានប្ដូរចេញដើម្បីជៀសវាងមានរបួសធ្ងន់ធ្ងរ។ ប៉ុន្តែរបួសរបស់ Varane មិនអាចជៀសរួចឡើយ។
យោងតាមរបាយការណ៍ពី Sky Sports បានឱ្យដឹងថា Varane អាចនឹងអវត្តមានរហូតដល់ ៦ សប្តាហ៍។ នេះក៏អាចជាមូលហេតុដែល Man United មានការស្ទាក់ស្ទើរក្នុងការអនុញ្ញាតឱ្យ Harry Maguire ចាកចេញពីក្លិប។
Varane គឺជាកីឡាករជម្រើសដំបូងក្នុងការប្រកួត៣លើកកន្លងទៅនៅរដូវកាលថ្មីនេះ ដោយបានតែតបាល់បញ្ចូលទីឱ្យ Man Utd ទទួលបានជ័យជម្នះលើក្រុម Wolves នៅថ្ងៃបើកឆាក។
Varane ព្រមទាំង Mason Mount និង Luke Shaw សុទ្ធតែរបួស ដែលមិនអាចលេងទល់នឹង Arsenal នៅថ្ងៃអាទិត្យ ទី៣ ខែតុលា ដែលនឹងមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ CTN តែមួយគត់ នៅប្រទេសកម្ពុជា ចាប់ពីម៉ោង ១០:២៥ នាទីយប់តទៅ។
Mount នឹងត្រលប់មកវិញបន្ទាប់ពីសម្រាកអន្តរជាតិនៅខែក្រោយ។ ទន្ទឹមនឹងនោះ Shaw អាចនឹងអវត្តមានរហូតដល់ខែវិច្ឆិកា។ ខ្សែការពារស្លាបឆ្វេង Tyrell Malacia ក៏មិនអាចមានវត្តមានដែរដោយសាររបួស៕