Virgil van Dijk ត្រូវបានសមាគមបាល់ទាត់អង់គ្លេស ចោទប្រកាន់ពីបទប្រព្រឹត្តមិនសមរម្យលើអាជ្ញាកណ្ដាល បន្ទាប់ពីត្រូវបានបណ្តេញចេញក្នុងការទទួលជ័យជម្នះរបស់ Liverpool លើ Newcastle កាលពីសប្ដាហ៍មុន។
ប្រធានក្រុម Liverpool រូបនេះ ត្រូវបានពិន័យកាតក្រហម នៅនាទីទី២៩ នៅកីឡដ្ឋាន St James’ Park កាលពីថ្ងៃអាទិត្យ សម្រាប់ការបង្កកំហុសទៅលើខ្សែប្រយុទ្ធ Alexander Isak ។ ខ្សែការពាររូបនេះ បានប្រកែកជាមួយលោកអាជ្ញាកណ្តាល John Brooks ខណៈ VAR បានធ្វើការពិនិត្យលើសកម្មភាពរបស់ Van Dijk ឡើងវិញផងដែរ។
ក្រោយមក សមាគមបាល់ទាត់អង់គ្លេស បានថ្លែងថា Van Dijk បានប្រើពាក្យប្រមាថ និងមើលងាយទៅលើអាជ្ញាកណ្ដាលJohn Brooks ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយបានឱ្យដឹងថា៖ “Virgil van Dijk ត្រូវបានចោទប្រកាន់ពីបទបំពានច្បាប់ FA E3.1 បន្ទាប់ពីការប្រកួត Premier League របស់ Liverpool ជាមួយ Newcastle United នៅថ្ងៃអាទិត្យទី២៧ ខែសីហា”។
“ខ្សែការពារ ត្រូវបានចោទប្រកាន់ បានប្រព្រឹត្តក្នុងលក្ខណៈមិនសមរម្យ និង/ឬប្រើពាក្យប្រមាថ និង/ឬមាក់ងាយ ចំពោះមន្ត្រីការប្រកួត បន្ទាប់ពីត្រូវបានបណ្តេញចេញនៅនាទីទី២៩”។
ខ្សែការពារកណ្តាលសញ្ជាតិហូឡង់អាយុ ៣២ ឆ្នាំ មានពេលរហូតដល់ថ្ងៃសុក្រសប្ដាហ៍នេះ ដើម្បីឆ្លើយតបទៅនឹងការចោទប្រកាន់ខាងលើ។
បច្ចុប្បន្ននេះ Van Dijk ជាប់បម្រាមមួយប្រកួតសម្រាប់កាតក្រហម ហើយខកខានការប្រកួតបន្ទាប់របស់ Liverpool ជាមួយ Aston Villa នៅក្របខណ្ឌ Premier League៕