ក្លិបបាល់ទាត់ Al Ittihad នៃលីគកំពូលអារ៉ាប៊ីសាអ៊ូឌីត កំពុងតែអន្ទះសាបានចង់បានខ្សែប្រយុទ្ធ Mohamed Salah ពីក្លិប Liverpool តាមរយៈការផ្តល់ជូនលក្ខខណ្ឌផ្ទាល់ខ្លួនដ៏មហាសាល សម្រាប់កីឡាករអេហ្ស៊ីបរូបនេះ។
ក្លិប Al Ittihad ចង់ឱ្យ Salah ក្លាយជាកីឡាករនិមិត្តរូបក្នុងលីគកំពូលអារ៉ាប៊ីសាអ៊ូឌីត ខណៈបច្ចុប្បន្នកំពូលខ្សែប្រយុទ្ធព័រទុយហ្គាល់ Cristiano Ronaldo និងខ្សែប្រយុទ្ធបារាំង Karim Benzema កំពុងជាកីឡាករជួរមុខនៅក្នុងលីគមួយនេះ។
Al-Ittihad ដែលដឹកនាំដោយលោក Nuno Espirito Santo អតីតគ្រូបង្វឹក Tottenham Hotspur ត្រូវបានរាយការណ៍ថា ដាក់សំណើ ១៥០លានផោន ស្មើប្រមាណ ១៩០លានដុល្លារអាមេរិកដល់ Liverpool សម្រាប់ Salah ដែលមានកុងត្រារហូតដល់ចុងខែមិថុនា ឆ្នាំ២០២៥ នៅលើទឹកដី Anfield ។
ជាមួយកិច្ចសន្យារយៈពេល៥ឆ្នាំ Al-Ittihad នឹងផ្តល់ជូន Salah នូវថ្លៃពលកម្ម ១២០លានដុល្លារក្នុង១ឆ្នាំ យន្តហោះឯកជន១គ្រឿង និងសំបុត្រយន្តហោះគ្មានដែនកំណត់សម្រាប់គ្រួសារកីឡាកររូបនេះ។ បន្ថែមលើសពីនេះ ក្លិបក៏នឹងតែងតាំង Salah ក្លាយជាឯកអគ្គរដ្ឋទូតសម្រាប់ទេសចរណ៍ រួមនឹងការវិនិយោគនៅអារ៉ាប៊ីសាអ៊ូឌីតផងដែរ ដែលនឹងធ្វើឱ្យថ្លៃពលកម្មកីឡាកររូបនេះ កើនលើសពី១២០លានដុល្លារក្នុង១ឆ្នាំ។
ទោះជាមានការផ្តល់ជូនដ៏មហាសាលពី Al-Ittihad យ៉ាងណាក៏ដោយ ប៉ុន្តែសារព័ត៌មាន Daily Mail បានឱ្យដឹងថា Liverpool បានបដិសេធ ដោយបញ្ជាក់យ៉ាងច្បាស់ថា Salah មិនមែនសម្រាប់លក់នោះទេ។ ស្របពេលដែលអ្នកវិភាគបាល់ទាត់ជាច្រើនបានវិភាគថា Liverpool នឹងជួបបញ្ហាធំ ប្រសិនបើរបូត Salah ទៅកាន់អារ៉ាប៊ីសាអ៊ូឌីត ខណៈពួកគេបានរបូតកីឡាករសំខាន់ៗ មួយចំនួនរួចទៅហើយទៅកាន់ទីនោះដូចជា Roberto Firmino, Jordan Henderson និង Fabinho ជាដើម។
បច្ចុប្បន្ន Liverpool កំពុងឈរនៅចំណាត់ថ្នាក់លេខ៤ នៃក្របខណ្ឌ Premier League ក្រោយឆ្លងកាត់៣ប្រកួត ឈ្នះ២ និងស្មើ១ មាន៧ពិន្ទុស្មើក្រុមលេខ West Ham និងក្រុមលេ៣ Spurs និងមានគម្លាត២ពិន្ទុពីក្រុមកំពូលតារាង Man City៕