×

Ansu Fati របស់ Barca សម្រេចចិត្តចូលរួមជាមួយ Brighton បន្ទាប់ពីបដិសេធ Spurs

ខ្សែបម្រើស្លាប Ansu Fati របស់ក្រុម Barcelona បានច្រានចោលការផ្ទេរទៅកាន់ Tottenham Hotspur ដើម្បីចូលរួមជាមួយក្លិប Brighton ក្នុងលក្ខខណ្ឌខ្ចីជើង ក្នុងការផ្លាស់ប្ដូរពីក្របខណ្ឌ La Liga មកកាន់ក្របខណ្ឌ Premier League។

កីឡាករវ័យ ២០ ឆ្នាំរូបនេះ បានជួបការលំបាកក្នុងការលេងនៅ Barca ដោយលេងជាជម្រើស១១នាក់ដំបូងបានតែ ១២ ដងប៉ុណ្ណោះនៅ La Liga កាលពីរដូវកាលមុន។

Fati ត្រូវបានជំរុញឱ្យចាកចេញពី Barcelona ដោយសារឪពុករបស់គេផ្ទាល់ ដែលបាននិយាយក្នុងបទសម្ភាសន៍កាលពីខែមីនាថា គាត់ខឹងនឹងគ្រូ Xavi របស់ក្រុមអ្នកមានបុណ្យ ដែលបានធ្វើទៅលើកូនប្រុសរបស់គាត់។

ខ្សែបម្រើស្លាបរូបនេះ បានទទួលការចាប់អារម្មណ៍ជាច្រើនក្នុងសប្តាហ៍នេះ ស្របពេលទីផ្សារដោះដូរកីឡាករនឹងបិទត្រឹមថ្ងៃទី៣១ ខែសីហានេះ ខណៈមានសេក្ដីរាយការណ៍ថា Spurs, Chelsea, Brighton និង Borussia Dortmund សុទ្ធតែចាប់អារម្មណ៍លើរូបគេ។

Spurs បានឈានដល់កិច្ចព្រមព្រៀងជាមួយ Barcelona លើកិច្ចព្រមព្រៀងខ្ចីជើងសម្រាប់ Fati ដោយរបាយការណ៍នៅក្នុងប្រទេសអេស្ប៉ាញបានអះអាងថា គ្រូ Ange Postecoglou បានពិភាក្សាជាមួយ Fati អំពីតួនាទីរបស់គេនៅក្នុងក្រុម Spurs ។ ប៉ុន្តែ Fati បានច្រានចោលការផ្ទេរទៅកាន់ Spurs ហើយបានជ្រើសរើសចូលរួមជាមួយ Brighton ក្នុងលក្ខខណ្ឌខ្ចីជើងសម្រាប់រដូវកាលនេះ។

លោក Roberto De Zerbi គ្រូបង្វឹក Brighton ជាកត្តាសំខាន់នៅពីក្រោយការសម្រេចចិត្តរបស់ Fati ។ ការចាកចេញរបស់ Fatiបានត្រួសត្រាយផ្លូវសម្រាប់ Joao Felix ដើម្បីចូលរួមជាមួយ Barcelona ពី Atletico Madrid ។ កីឡាករអន្តរជាតិព័រទុយហ្គាល់គឺជាគោលដៅកំពូលរបស់ Barca នៅរដូវក្តៅនេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង