×

Man City កាន់តែកៀកការផ្ទេរយក ខ្សែបម្រើ Matheus Nunes ពី Wolverhampton

សារព័ត៌មាននានានៅអង់គ្លេស បានធ្វើការរាយការណ៍ថា ក្លិប Man City បានខិតកាន់តែកៀកក្នុងការផ្ទេរយក ខ្សែបម្រើ Matheus Nunes ពីក្លិប Wolverhampton។

ជាក់ស្តែង ក្លិបទាំង២ ត្រូវបានដឹងថា បានឈានដល់កិច្ចព្រមព្រៀងផ្ទាល់មាត់ សម្រាប់ការផ្ទេរយកកីឡាករសញ្ជាតិព័រទុយហ្គាល់ វ័យ២៥ឆ្នាំ។

កិច្ចព្រមព្រៀងដំបូងលើ Matheus Nunes គឺមានតម្លៃ ៤៧ លានផោន ដោយមានការពិភាក្សាបន្តយ៉ាងសកម្ម ជុំវិញការផ្ទេរដែលអាចនឹងកើតឡើងក្នុងពេលខាងមុខ។

Wolverhampton បានចុះហត្ថលេខាលើ Matheus Nunes កាលពីខែសីហាឆ្នាំមុន សម្រាប់តម្លៃផ្ទេរកំណត់ត្រាក្លិប ៣៨ លានផោន ពីក្លិបព័រទុយហ្គាល់ Sporting Lisbon ក្នុងកិច្ចសន្យារយៈពេល ៥ ឆ្នាំ។ រូបគេបានបង្ហាញខ្លួន ៤១ ប្រកួត និងរកបាន១គ្រាប់ឱ្យ Wolverhampton។

Nunes បានអវត្តមាន ពីការហ្វឹកហាត់របស់ក្រុម នៅរយៈពេលចុងក្រោយនេះ ដែលបញ្ជាក់យ៉ាងច្បាស់ថា រូបគេពិតជាចង់ចាកចេញទៅចូលរួមក្រុម Man City ក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក Pep Guardiola។

ក្នុងនោះដែរ Wolves បានស្នើសុំចុះហត្ថលេខាលើកីឡាករអន្តរជាតិអង់គ្លេស វ័យ ២១ ឆ្នាំ Tommy Doyle របស់ Man City តម្លៃ ៤,៣ លានផោន ជាថ្នូរនឹងការផ្លាស់ Matheus Nunes ទៅកាន់ទឹកដី Etihad វិញ។

សម្រាប់ Man City ការសម្លឹងឃើញ Matheus Nunes នេះគឺពួកគេចង់យករូបគេដើម្បីមកបំពេញកន្លែងរបស់ Kevin De Bruyne ដែលបានរងរបួសសរសៃពួរអំឡុងពេលការប្រកួតបើកឆាកក្របខណ្ឌ Premier League នៅទឹកដី Burnley ដែលបណ្តាលឱ្យរូបគេត្រូវនៅក្រៅទីលានរយៈពេល៤ខែឯណោះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង