×

ខ្សែប្រយុទ្ធ Erling Haaland ថា ជារដូវកាលដែលមិនអាចបំភ្លេចបាន ក្រោយឈ្នះកីឡាករល្អបំផុតប្រចាំឆ្នាំ PFA

ខ្សែប្រយុទ្ធ Erling Haaland បានបង្ហាញក្តីសប្បាយរីករាយក្រោយឈ្នះពានរង្វាន់កីឡាករល្អប្រចាំឆ្នាំ PFA Players’ Player of The Year របស់សហព័ន្ធកីឡាករបាល់ទាត់អាជីពអង់គ្លេស ។

Haaland រកបានគ្រាប់បាល់ចំនួន ៥៣គ្រាប់ ពីការបង្ហាញខ្លួនចំនួន ៥២ប្រកួត រាល់ការប្រកួតទាំងអស់កាលរដូវកាលមុន ហើយបានក្លាយជាកីឡាករដែលមានទម្រង់លេងល្អបំផុតប្រចាំក្រុមថែមទៀត។

កីឡាករសញ្ជាតិន័រវែសបានជួយក្រុមលោក Pep Guardiola ឈ្នះពានរង្វាន់ ៣ ក្នុងមួយរដូវកាល ដូចជា Premier League, FA Cup និង UEFA Champions League។

បន្ទាប់ពីឈ្នះពានរង្វាន់ PFA Award រួចមក កីឡាករវ័យ ២៣ឆ្នាំ បាននិយាយថារដូវកាលមុន ពិតជារដូវកាលដ៏អស្ចារ្យរបស់គេ ហើយគេពិតជាមិនអាចបំភ្លេចបាន ក៏ដូចជាមិត្តរួមក្រុមរបស់គេថែមទៀត។

Haaland បាននិយាយបែបនេះថា៖ “វាពិតជារដូវកាលដ៏អស្ចារ្យមួយដែលមិនអាចបំភ្លេចបានសម្រាប់ក្រុម Man City និងសម្រាប់ខ្ញុំផ្ទាល់។ ឈ្នះពានរង្វាន់ ៣ ក្នុងមួយរដូវកាលគឺជាអ្វីដែលខ្ញុំមិនដែលស្រមៃឃើញ ដូច្នេះការទទួលបានសមិទ្ធផលបែបនេះគឺជារឿងពិសេសសម្រាប់ក្រុមទាំងមូល ពិតជាអស្ចារ្យ។”

ម្ចាស់កំណត់ត្រាគ្រាប់បាល់ ៣៦គ្រាប់ច្រើនជាងគេក្នុងមួយរដូវកាលនៅ Premier League រូបនេះក៏បានអះអាងបន្ថែមទៀតថាគេនឹងជួយក្រុម Man City ឈ្នះពានរង្វាន់ច្រើនបន្ថែមទៀតនៅក្នុងរដូវកាលថ្មី ២០២៣-២៤។

Man City បានចាប់ផ្តើមរដូវកាលថ្មីបានយ៉ាងល្អ ដោយឆ្លងកាត់ ៣ប្រកួត ពួកគេរកបាន ៩ពិន្ទុ ហើយក៏ជាក្រុមតែមួយគត់ដែលចាប់ផ្តើមរដូវកាលថ្មី ៣ប្រកួតឈ្នះទាំងអស់។ Man City នឹងធ្វើដំណើរនៅក្នុងរដូវកាល ២០២៣-២៤ ក្នុងនាមជាក្រុមការពារតំណែងជើងឯក នឹងក្នុងនាមជាក្រុមស្វែងរកការគ្រងជើងឯក Premier League លើកទី៤ ជាប់គ្នាផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង