ខ្សែការពារ Raphael Varane នឹងខកខនការធ្វើដំណើរជាមួយនឹង Manchester United សម្រាប់ជំនួបក្របខណ្ឌ Premier League ទល់នឹងក្រុម Arsenal នាថ្ងៃអាទិត្យ ទី៣ ខែកញ្ញា ដែលនឹងមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ CTN ចាប់ពីម៉ោង១០:២៥នាទីយប់តទៅ។
តាមរយៈការបង្ហោះពីសំណាក់ Man United ក្រោយបញ្ចប់ការប្រកួតយកឈ្នះក្រុម Nottingham Forest លទ្ធផល ៣-២ នាកីឡដ្ឋាន Old Trafford កីឡាករសញ្ជាតិបារាំង បានផ្លាស់ប្តូរចេញត្រឹមវគ្គទីមួយនៃការប្រកួត ដោយបញ្ហារបួស និងត្រូវបន្តអវត្តមានបន្តបន្ទាប់ទៀត។ Varane ទំនង ត្រូវការពេលវេលា ៣ ទៅ ៤ សប្តាហ៍ដើម្បីជាសះស្បើយឡើងវិញ។
អវត្តមានរបស់ Varane នឹងត្រូវជំនួសដោយខ្សែការពារវ័យ ៣០ឆ្នាំ Victor Lindelof សញ្ជាតិស៊ុយអែត សម្រាប់ការប្រកួតទល់នឹងក្រុមកាំភ្លើងធំ។ នេះជាការបញ្ជាក់របស់គ្រូបង្វឹក លោក Erik ten Hag។
បញ្ហាពេលវេលា និងទំហំនៃរបួសរបស់ Varane មិនត្រូវបានគ្រូបង្វឹកជនជាតិហូឡង់វ័យ ៥២ឆ្នាំ បញ្ជាក់នៅឡើយ ដោយរឿងនេះ ត្រូវបានគេរំពឹងថាព័ត៌មាននឹងត្រូវបានផ្តល់បន្ថែមទៀតនាពេលក្រោយ។
Raphael Varane ជាកីឡាករ Manchester United ចុងក្រោយគេ ដែលទទួលរងរបួស ខណៈរូបគេត្រូវបានបញ្ចូលឈ្មោះក្នុងបញ្ជីកីឡាកររបួសដោយរួមមាន Amad Diallo, Rasmus Hojlund, Tyrell Malacia, Mason Mount និង Luke Shaw៕