សមាគមបាល់ទាត់អង់គ្លេស FA នឹងដាក់ពិន័យបន្ថែមលើខ្សែការពារ Virgil Van Dijk របស់ក្រុម Liverpool ចំពោះអាកប្បកិរិយាមិនសមរម្យដាក់អាជ្ញាកណ្តាល បន្ទាប់ពីទទួលបានកាតក្រហម អំឡុងការប្រកួត Premier League ដែល Liverpool យកឈ្នះ Newcastle United លទ្ធផល ២-១។
ប្រធានក្រុម Liverpool រូបនេះ ត្រូវបានអាជ្ញាកណ្តាលលោក John Brooks ផ្តល់កាតក្រហមភ្លាមៗចំពោះបញ្ហា ទាក់ជើងកីឡាករក្រុម Newcastle United នៅលើតំបន់ប្រអប់គ្រោះថ្នាក់ អំឡុងពេលខ្សែប្រយុទ្ធរូបនោះ កំពុងមានប្រៀបបណ្តើរបាល់សំដៅទៅកាន់ការស៊ុតបញ្ចូលទី។
ការប៉ះទង្គិចនោះ ត្រូវបានត្រួតពិនិត្យដោយប្រព័ន្ធអាជ្ញាកណ្តាលវីដេអូ VAR ហើយកីឡាករសញ្ជាតិហូឡង់ បានបង្កនូវកាយវិការមិនសមរម្យទៅលើអាជ្ញាកណ្តាលលោក Brooks។
តាមរយៈសេចក្តីប្រកាសពីសំណាក់ FA បាននិយាយដូច្នេះថា បញ្ហានេះត្រូវបានចោទប្រកាន់ថា ខ្សែការពារ Virgil Van Dijk បានប្រព្រឹត្តិក្នុងលក្ខណៈមិនសមរម្យ និងប្រើពាក្យប្រមាថ ចំពោះមន្ត្រីការប្រកួតបន្ទាប់ពីត្រូវបានបណ្តេញចេញនៅនាទី ២៩។
ក្រោពីរងពិន័យពីសំណាក់ FA រួចមក Virgil Van Dijk នឹងត្រូវអវត្តមាន២ប្រកួតរបស់ Liverpool ដោយការពិន័យកាតក្រហម ដោយជំនួបដំបូងជាមួយ Aston Villa នៅថ្ងៃទី៣ ខែកញ្ញា និង Wolverhampton Wanderers នៅថ្ងៃទី១៦ ខែកញ្ញា ក្នុងក្របខណ្ឌ Premier League ៕