×

Man Utd ទទួលបានជោគជ័យក្នុងការផ្ទេរអ្នកចាំទីថ្មីទី២នៅរដូវកាលនេះ

អ្នកចាំទី Altay Bayindir បានចូលរួមជាមួយក្រុម Manchester United ក្នុងកិច្ចសន្យាដែលមានសុពលភាពរហូតដល់ខែមិថុនា ឆ្នាំ២០២៧ ជាមួយនឹងជម្រើសបន្ត១ឆ្នាំបន្ថែមទៀត។ កិច្ចព្រមព្រៀងផ្ទេរពី Fernerbahce មានតម្លៃ ៤,៣លានផោន។

អ្នកចាំទីសញ្ជាតិតួកគីវ័យ ២៥ ឆ្នាំរូបនេះ បានបង្ហាញខ្លួនក្នុងអាជីពចំនួន ១៦៦ ដង ដោយរក្សា Clean Sheet បានចំនួន ៥៣ ដង។ កាលពីរដូវកាលមុន គេជាផ្នែកដ៏សំខាន់សម្រាប់ក្រុម Fenerbahce ដែលបានឈ្នះពានរង្វាន់ Turkish Cup និងបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ២ ក្នុងក្របខណ្ឌ Super Lig របស់ប្រទេសតួកគី។

ការមកដល់ថ្មីនេះ បន្ទាប់ពី Man Utd ផ្ទេរបានអ្នកចាំទី Andre Onana ពី Inter Milan ហើយ Crystal Palace បានចុះហត្ថលេខាយកអ្នកចាំទីសញ្ជាតិអង់គ្លេស Dean Henderson ក្នុងកិច្ចសន្យារយៈពេល៥ឆ្នាំ ពី Manchester United ។

Palace បានចំណាយប្រាក់ ១៥ លានផោន បូកនឹង ៥ លានផោនដែលបានផ្ដល់ជូនជាបន្តបន្ទាប់ សម្រាប់អ្នកចាំទីវ័យ ២៦ឆ្នាំ ដែលជាកីឡាករបម្រុងអំឡុងពេល Man Utd យកឈ្នះលើ Nottingham Forest កាលពីប្រកួតមុន នៅក្របខណ្ឌ Premier League ។

Henderson ត្រូវបានខ្ចីជើងនៅ Nott’m Forest កាលពីរដូវកាលមុន ប៉ុន្តែពួកគេបានចុះហត្ថលេខាលើ Matt Turner ពី Arsenal នៅដើមរដូវកាល២០២៣-២៤នេះ។

Man Utd នឹងធ្វើដំណើរទៅសួរសុខទុក្ខក្រុម Arsenal ក្នុងការប្រកួតសប្ដាហ៍ទី៤ នៅក្របខណ្ឌ Emirates នាថ្ងៃអាទិត្យ ទី៣ ខែកញ្ញា ឆ្នាំ២០២៣ ដែលនឹងមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ CTN តែមួយគត់ ចាប់ពីម៉ោង ១០:២៥ នាទីយប់តទៅ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង