×

កីឡដ្ឋានគួរឱ្យចាប់អារម្មណ៍របស់ Luton Town ធ្វើម្ចាស់ផ្ទះការប្រកួត Premier League នៅយប់នេះ

ទីបំផុត អ្នកតាមដានក្របខណ្ឌ Premier League នឹងឃើញការប្រកួតនៅក្នុងកីឡដ្ឋាន Kenilworth Road របស់ Luton Town យប់នេះ នៅពេលដែលពួកគេធ្វើជាម្ចាស់ផ្ទះទទួលក្រុមភ្ញៀវ West Ham United បន្ទាប់ពីបញ្ចប់ការជួសជុលកន្លែងសម្រាប់អ្នកទស្សនា។

ផ្ទះរបស់ Luton តាំងពីឆ្នាំ១៩០៥នេះ តម្រូវឱ្យជួសជុលឡើងវិញ បន្ទាប់ពីក្លិបបានត្រឡប់មកកាន់ក្របខណ្ឌ Premier League រដូវកាលថ្មីនេះ ដើម្បីអនុលោមតាមបទប្បញ្ញត្តិរបស់ Premier League ។

ក្នុងរយៈពេលប៉ុន្មានខែនេះ កីឡដ្ឋាន Kenilworth Road បានទាក់ទាញការចាប់អារម្មណ៍ជាច្រើន ពីអ្នកគាំទ្របាល់ទាត់ដោយសារតែការរចនាបែបប្រពៃណី ភាពទាក់ទាញ និងការជាប់ជាមួយលំនៅឋានរបស់ប្រជាជន។

ជាពិសេស តំបន់អ្នកទស្សនាឈ្មោះ Oak Road Stand អ្នកគាំទ្រអាចផ្ដិតយករូបភាពដ៏ទាក់ទាញ ដោយត្រូវបានសាងសង់នៅជុំវិញផ្ទះប្រជាជន ហើយមានច្រកចូលមួយស្ថិតនៅក្រោមលំនៅឋានមួយចំនួន ហើយឆ្លងសួនច្បារខាងក្រោយផ្ទះរបស់អ្នកស្រុក។

ការជួសជុលនៅផ្នែក Bobbers Stand បានធ្វើឱ្យការប្រកួតបើកឆាកទល់នឹង Burnley ត្រូវបានពន្យារពេល។ ថ្មីៗនេះ វាត្រូវបានបើកសាកល្បងក្នុងការប្រកួត EFL Cup របស់ Luton ដែល​ដំណើរការក្នុងសមត្ថភាព ៧៥ ភាគរយ។

បើយោងតាមលោក Gary Sweet នាយកប្រតិបត្តិក្លិប ឱ្យដឹងថា ក្រោយជួសជុលរួចរាល់ កីឡដ្ឋាន Kenilworth Roadដែលពីមុន មានសមត្ថភាពផ្ទុកតែ១០,៣៥៦នាក់ អាចនឹងកើនលើសពី ១១,៣០៧ នាក់ដែលជាសមត្ថភាពផ្ទុករបស់កីឡដ្ឋាន Vitality របស់ AFC Bournemouth។

Luton នឹងផ្លាស់ទៅកាន់កីឡដ្ឋាន Power Court Stadium ថ្មីរបស់ពួកគេ ដែលមានកៅអីអង្គុយចំនួន ២៦,០០០ កន្លែង ដែលនឹងត្រូវសាងសង់រួចរាល់នៅឆ្នាំ២០២៦៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង