មនុស្សម្នាក់ ដែលបានចូលទស្សនាក្នុងការប្រកួតរវាង Crystal Palace ទល់នឹង Wolverhampton Wanderers កាលពីថ្ងៃអាទិត្យ ត្រូវបានចាប់ខ្លួន និងបណ្តេញចេញពីកីឡដ្ឋាន បន្ទាប់ពីកីឡាករ Wolves ម្នាក់បានទទួលការការរើសអើងជាតិសាសន៍។
សេចក្តីថ្លែងការណ៍របស់ Palace បានឱ្យដឹងបែបនេះថា៖ “ក្នុងអំឡុងពេលនៃការប្រកួតថ្ងៃនេះ យើងបានចាប់អារម្មណ៍ថា កីឡាករ Wolverhampton Wanderers បានរាយការណ៍ថាបានទទួលការការរើសអើងជាតិសាសន៍ពីបុគ្គលម្នាក់ដែលមានទីតាំងនៅ Main Stand ។
“ប៉ូលីស, Premier League និងមន្ត្រីថ្ងៃប្រកួតត្រូវបានជូនដំណឹង ហើយក្រុមសន្តិសុខរបស់យើងបាននាំខ្លួនបុគ្គលនោះចេញពីកីឡដ្ឋានភ្លាមៗ ដែលគាត់ត្រូវបានឃាត់ខ្លួន និងចាប់ខ្លួន។ ពេលនេះ ជនសង្ស័យកំពុងត្រូវបានស៊ើបអង្កេត។ ពិតណាស់ ពួកយើងនឹងគាំទ្រការស៊ើបអង្កេតនោះ ហើយនឹងធ្វើវាដោយខ្លួនឯងផងដែរ”។
“ក្នុងនាមជាក្លិបមួយ យើងមិនមានការអត់ឱនចំពោះការរើសអើងក្នុងទម្រង់ណាមួយ ឬការរើសអើងជាតិសាសន៍ណាមួយឡើយ។ វាមិនអាចកើតមាននៅក្នុងបាល់ទាត់ និងសង្គមទេ”។
សេចក្តីថ្លែងការណ៍មួយរបស់ Wolves បានបន្ថែមថា៖ “យើងមានការខកចិត្តយ៉ាងខ្លាំងបន្ទាប់ពីមានការរាយការណ៍ថា កីឡាកររបស់យើងម្នាក់គឺជាគោលដៅនៃការរើសអើងដោយអ្នកគាំទ្រម្នាក់ ក្នុងអំឡុងពេលនៃការប្រកួតថ្ងៃនេះជាមួយ Crystal Palace “។
Crystal Palace បានទទួលជ័យជម្នះជាលើកដំបូងក្នុងរដូវកាលនេះ ខណៈពួកគេបានផ្តួលក្រុម Wolverhampton Wanderers ក្នុងលទ្ធផល ៣-២ នៅកីឡដ្ឋាន Selhurst Park កាលពីយប់មិញ។ គ្រាប់បាល់ទាំង៥ បានកើតឡើងក្នុងវគ្គទីពីរ ខណៈ Odsonne Edouard រកបាន២គ្រាប់ ជាមួយ Eberechi Eze រកបាន១គ្រាប់សម្រាប់ Crystal Palace។ ២គ្រាប់របស់ Wolves រកបានពី Hwang Hee-chan និង Matheus Cunha ៕