លោក Erik ten Hag អ្នកចាត់ការទូទៅរបស់ក្រុម Manchester United បានទទួលស្គាល់ថាបរាជ័យទល់នឹង Arsenal កាលពីយប់មិញ គឺបណ្ដាលមកពីខ្សែការពារ ដែលបង្កកំហុសនៅចុងម៉ោង។
បន្ទាប់ពី Marcus Rashford និង Martin Odegaard ស៊ុតបញ្ចូលទីម្នាក់១គ្រាប់ នៅក្នុងវគ្គទីមួយ លទ្ធផលមិនមានការប្រែប្រួលទេ។ ប៉ុន្តែខ្សែការពារ Lisandro Martinez បានជួបបញ្ហារបួស ដែលតម្រូវឱ្យប្ដូរ Harry Maguire ជំនួសនៅនាទីទី៦៧ និង Johnny Evans បានប្ដូរចូលជំនួស Victor Lindelof នៅនាទី៨៤។
ការប្រកួតនៅកីឡដ្ឋាន Emirates បានរក្សាលទ្ធផល ១-១ រហូតដល់នាទីទី៩០បូក៦ នៅពេលដែល Declan Rice ស៊ុតគ្រាប់បាល់នាំមុខឱ្យក្រុមកាំភ្លើងធំ ពីបាល់ទាត់ជ្រុងរបស់ Bukayo Saka ។ ជ័យជម្នះត្រូវបានធានា បន្ទាប់ពី Gabriel Jesus កិបដាច់ Diego Dalot ដើម្បីស៊ុតផុតដៃអ្នកចាំទី Andre Onana នៅនាទីទី ៩០បូក១១។
ក្រោយការប្រកួតបានបញ្ចប់ លោក Erik ten Hag បានប្រាប់គេហទំព័រផ្លូវការរបស់ក្លិបបែបនេះថា៖ “អ្នកបានមើលការប្រកួតនេះ ប៉ុន្តែវាមិនមែនជាបាល់ Offside [សម្រាប់គ្រាប់បាល់ Garnacho ដែលត្រូវបានច្រានចោល] មើលខុសជ្រុង។ វាជាការបង្កកំហុសលើ [Rasmus] Hojlund ហើយបន្ទាប់មកយើងរបូតមួយគ្រាប់ [ស៊ុតបញ្ចូលទីដោយ Declan Rice] ដែលជាកំហុសរបស់ Jonny Evans។ វាច្បាស់ណាស់។”
លទ្ធផល ៣-១ បានផ្ដល់៣ពិន្ទុបន្ថែមសម្រាប់ Arsenal ដើម្បីឈរនៅលេខ៥ តាមពីក្រោយក្រុម Manchester City ចំនួន ២ពិន្ទុ។ ចំណែកក្រុមបិសាចក្រហម Man Utd បាត់បង់ ៣ពិន្ទុបន្ថែមនៅសប្ដាហ៍ទី៤ ដូច្នេះមាន ៦ពិន្ទុ ដោយស្ថិតនៅចំណាត់ថ្នាក់លេខ១១៕