×

ខ្សែបម្រើស្លាប Man Utd ទទួលការចោទប្រកាន់ពីអតីតមិត្តស្រី

សហព័ន្ធកីឡាបាល់ទាត់ប្រេស៊ីល បានសម្រេចចិត្តដកឈ្មោះរបស់ខ្សែបម្រើស្លាបរបស់ Manchester United កីឡាករ Antony ក្រោយពីមានការចោទប្រកាន់ពីការប្រើប្រាស់អំពើហិង្សាលើអតីតមិត្តស្រីរបស់គេ។

សហព័ន្ធបាល់ទាត់ប្រេស៊ីលបានបញ្ជាក់ថា កីឡាករវ័យ ២៣ ឆ្នាំរូបនេះ ត្រូវបានដកចេញពីក្រុមជម្រើសជាតិ និងស្ថិតនៅក្នុងការស៊ើបអង្កេត។ សារព័ត៌មានប្រេស៊ីល បានចេញផ្សាយការចោទប្រកាន់ដោយអតីតមិត្តស្រីរបស់ Antony កាលពីថ្ងៃចន្ទ ទី៤ ខែកញ្ញា។ ប៉ូលីសនៅទីក្រុង Sao Paulo និងទីក្រុង Manchester កំពុងធ្វើការលើបញ្ហានេះ។

ទោះជាយ៉ាងណា Antony បាននិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា៖ “ខ្ញុំអាចបញ្ជាក់ដោយស្មោះថា ការចោទប្រកាន់នេះគឺមិនពិតទេ ហើយព័ស្តុតាងដែលត្រូវបានរៀបចំ និងព័ស្តុតាងផ្សេងទៀតដែលនឹងត្រូវរៀបចំ បង្ហាញថាខ្ញុំគ្មានកំហុសចំពោះការចោទប្រកាន់នេះឡើយ” ។
“ខ្ញុំជឿជាក់ថាការស៊ើបអង្កេតរបស់ប៉ូលីសដែលកំពុងបន្ត នឹងបង្ហាញការពិតពីភាពស្អាតស្អំរបស់ខ្ញុំ”។

Antony ត្រូវបានគេចោទប្រកាន់ថាបានវាយប្រហារអតីតមិត្តស្រីរបស់គេ គឺ Gabriela Cavallin ដោយយកក្បាលជល់លើរូបនាង នៅក្នុងបន្ទប់សណ្ឋាគារ Manchester កាលពីថ្ងៃទី១៥ ខែមករា ដែលធ្វើឱ្យនាងរងរបួសក្បាល និងត្រូវទទួលការព្យាបាលពីគ្រូពេទ្យ។ នាងក៏បានចោទប្រកាន់ថា Antony បានដាល់ចំដើមទ្រូង ដែលទាមទារឱ្យមានការវះកាត់។

ក្លិប Manchester United បានបញ្ជាក់ថា ពួកគេមិនមានការអត្ថាធិប្បាយលើបញ្ហានេះទេ។

ការចោទប្រកាន់នេះកើតឡើង បន្ទាប់ពីក្លិប Premier League បានប្រកាសកាលពីខែមុនថា ខ្សែប្រយុទ្ធ Mason Greenwood នឹងចាកចេញពីក្លិបដោយការព្រមព្រៀងគ្នាទៅវិញទៅមក បន្ទាប់ពីការស៊ើបអង្កេតផ្ទៃក្នុងរយៈពេល ៦ ខែ ជុំវិញការចោទប្រកាន់ទាក់ទងនឹងអំពើហិង្សាលើមិត្តស្រីផងដែរ។ កីឡាករវ័យ ២១ ឆ្នាំរូបនេះ បានចូលរួមជាមួយក្លិប Getafe របស់អេស្ប៉ាញក្នុងលក្ខខណ្ឌខ្ចីជើងកាលពីសប្តាហ៍មុន៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង