ប្រភពពីសារព័ត៌មាន Marca បានរាយការណ៍មកថា អ្នកចាំទី David De Gea កំពុងស្ថិតក្នុងរ៉ាដាចង់បានរបស់ក្លិបនៅក្របខណ្ឌ Saudi Pro League នៃប្រទេសអារ៉ាប៊ីសាអ៊ូឌីត។
ជាការពិត David de Gea នៅមិនទាន់រកបានក្លិបលេងនៅឡើយ បន្ទាប់ពីគេបានចែកផ្លូវគ្នាជាមួយ ក្លិបបិសាចក្រហម Manchester United រួចមក។
កីឡាករអេស្ប៉ាញ បានឈានដល់ការចាកចេញពីទឹកដី Old Trafford ក្រោយរួមរស់នៅទីនោះរយៈពេល១២ឆ្នាំ ក្រោយកិច្ចសន្យារបស់គេបានអស់សុពលភាព នាចុងខែមិថុនាកន្លងទៅ។
គ្រូបង្វឹក Man UTD លោក Erik ten Hag បានជ្រើសរើស មិនប្រើប្រាស់ David de Gea ជាជម្រើសអ្នកចាំទីដៃទី១ទៀតឡើយ ហើយបាននាំចូលអតីតកូនក្រុមរបស់លោកគឺអ្នកចាំទីសញ្ជាតិកាម៉េរូន Andre Onana មកលេងក្នុងជម្រើសដៃទី១ សម្រាប់រដូវកាលនេះ។
ទោះបីជាមានដំណឹងលេចឮថា មានក្លិបអេស្ប៉ាញចាប់អារម្មណ៍ ប៉ុន្ដែ De Gea នៅទំនេរនៅឡើយទេ ស្របពេលដែលទីផ្សារដោះដូរលីគធំៗនៅអឺរ៉ុបត្រូវបានបិទទ្វារ។
ប្រភពខាងលើដដែលបានឱ្យដឹងថា មានក្លិបនៅអារ៉ាប៊ីសាអ៊ូឌីតជាច្រើន កំពុងចាប់អារម្មណ៍លើអ្នកចាំទីវ័យ៣២ឆ្នាំ ហើយការសម្រេចចិត្តអាស្រ័យលើសាមីកីឡាករផ្ទាល់ ក្នុងការទទួលយកបទពិសោធថ្មី ហើយឈានដល់ការព្រមព្រៀងតាមការចង់បានរបស់គេ៕