×

ក្រុមអ្នកគាំទ្រLiverpoolនៅកម្ពុជា ប្រមូលមូលនិធិបាន៦០០ដុល្លារ ជូនពេទ្យគន្ធបុប្ផាចំថ្ងៃបង្កើតក្លិបរបស់ខ្លួន

ក្លិបអ្នកគាំទ្រ Liverpool នៅកម្ពុជាហៅកាត់ថា LFC-KH បានប្រារព្ធខួបកំណើតក្លិបអ្នកគាំទ្ររបស់ខ្លួនគម្រប់ ១២ឆ្នាំ ដោយបង្កើតជាមូលនិធិប្រមូលពីសមាជិកបាន ៦០០ដុល្លារសហរដ្ឋអាមេរិក ដើម្បីយកទៅជូនមន្ទីរពេទ្យកុមារគន្ធបុប្ផា ដែលមានទីតាំង ស្ថិតនៅក្នុងខេត្តសៀមរាប។

មូលនិធិនេះ ត្រូវបានបង្កើតដោយលោក ស៊ិន វីរ៉ុត រុន ហៅ June ជាប្រធានក្រុមអ្នកគាំទ្រ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ ហើយបិទបញ្ចប់នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៣ ពោលគឺមានរយៈពេល ៧ថ្ងៃ ។ ជាលទ្ធផលថវិកាដែលប្រមូលបានសរុបគឺមានចំនួន 600$ (ប្រាំមួយរយដុល្លារអាមេរិក) បានប្រគល់ដល់ដៃមន្ទីរពេទ្យ នៅថ្ងៃទី០៥ ខែកញ្ញានេះ។

នេះមិនមែនជាលើកទីមួយទេ ដែលក្លិបអ្នកគាំទ្រ Liverpool នៅកម្ពុជា បានធ្វើកម្មវិធីសប្បុរសធម៌របស់ខ្លួន ដោយកន្លងមកពួកគេ បានធ្វើការប្រកួតបាល់ទាត់សប្បុរសធម៌ ការបរិច្ចាគឈាម ការឧបត្ថម្ភដល់ក្រុមបាល់ទាត់ដែលខ្វះខាតនៅតាមបណ្ដាខេត្ត ដូចជា បាល់ សម្លៀកបំពាក់ ជាដើម។

លោក June ដែលបច្ចុប្បន្នកំពុងសិក្សានៅសហរដ្ឋអាមេរិក បានឱ្យដឹងថា ក្លិបអ្នកគាំទ្រ Liverpool នៅកម្ពុជា បានបង្កើតឡើងនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១១ គិតមកដល់ពេលនេះ មានអាយុ ១២ឆ្នាំហើយ។

និស្សិតដែលបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតរូបនេះឱ្យដឹងថា ក្រៅពីការប្រមូលផ្ដុំអ្នកដែលស្រឡាញ់ក្លិប Liverpool ដូចគ្នា លោកចង់បង្កើតសកម្មភាពនានា ដើម្បីឱ្យបរទេសបានស្គាល់ពីកម្ពុជាផង និងសកម្មភាពដែលចំណេញដល់កម្ពុជាផង តួយ៉ាងដូចជាការធ្វើសកម្មភាពសប្បុរសនេះជាដើម។

លោកបន្តថា ទោះចំនួននេះមិនច្រើនលើសលប់ តែវាឆ្លុះបញ្ចាំងពីទឹកចិត្តរបស់អ្នកចូលរួម ដែល មានចាប់តាំងពី ១ដុល្លារ ២ដុល្លារ ៥ដុល្លារ ដល់ ១០០ដុល្លារ។ លោកសន្យាថា ក្លិបអ្នកគាំទ្រ Liverpool នៅកម្ពុជា នឹងបន្តធ្វើសកម្មភាពសប្បុរសធម៌នៅឆ្នាំបន្តបន្ទាប់ទៀត ដើម្បីជាគំរូមួយ និងការបង្ហាញពីសាមគ្គីភាពរបស់គ្រួសារខ្មែរ៕


អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង