ក្លិបជាច្រើន មិនបានចាប់អារម្មណ៍លើការផ្ទេរ Mason Greenwood ឡើយ លើកលែងតែ Getafe ដែលបង្ហាញការកោតសរសើរចំពោះសមត្ថភាពរបស់កីឡាករសញ្ជាតិអង់គ្លេសរូបនេះ ទោះបីជាមានរឿងអាស្រូវក៏ដោយ។
លោក Jose Bordalas អ្នកចាត់ការទូទៅរបស់ក្រុម Getafe បាននិយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ ដោយបង្ហាញការកោតសរសើរចំពោះសមត្ថភាពរបស់ Greenwood ដែលមិនទាន់ត្រូវបានជ្រើសរើសនៅក្នុងបញ្ជីឈ្មោះសម្រាប់ការប្រកួតកាលពីសប្ដាហ៍មុននៅឡើយ ទាំងជម្រើស១១នាក់ និងបម្រុង។
លោក Bordalas បានបញ្ជាក់បែបនេះថា៖ “គ្រប់គ្នាបានដឹងពីអ្វីដែលបានកើតឡើង ហើយវិធានការសមស្របត្រូវបានធ្វើឡើងរួចរាល់ផងដែរ។”
“ជាក់ស្តែង យើងអាចនិយាយបានតែអំពីបាល់ទាត់ អំពីបញ្ហាផ្សេងទៀត ខ្ញុំគិតថា អ្នកពាក់ព័ន្ធ និងប្រព័ន្ធច្បាប់ បានធ្វើការរបស់ពួកគេ ហើយគ្រប់គ្នាដឹងថាវាបានបញ្ចប់ដោយរបៀបណា គឺគ្មានការថ្កោលទោសណាមួយឡើយ។”
“គេជាកីឡាករបាល់ទាត់ដែលមានកម្រិតខ្ពស់បំផុតដែលមក Getafe ដោយមានក្តីសង្ឃឹមយ៉ាងខ្លាំង។ យើងនឹងជួយគេឱ្យឈានដល់កម្រិតដ៏ល្អបំផុតរបស់គេឡើងវិញ”។
Man Utd បានសម្រេចចិត្តផ្ដាច់ទំនាក់ទំនងជាមួយ Greenwood សម្រាប់រដូវកាលនេះ ប៉ុន្តែ Greenwood ត្រលប់ទៅក្រុមបិសាចក្រហមវិញ ពេលចប់កិច្ចសន្យាខ្ចីជើងរបស់គេជាមួយ Getafe នៅចុងរដូវកាលនេះ។
កីឡាករវ័យ ២១ ឆ្នាំរូបនេះ ស្ថិតក្រោមកិច្ចសន្យានៅទឹកដី Old Trafford រហូតដល់ឆ្នាំ ២០២៥ ហើយក្រុមបិសាចក្រហម នឹងធ្វើការសម្រេចលើអនាគតរបស់គេម្ដងទៀត នៅពេលដែល Greenwood ត្រឡប់មកវិញ៕