×

ខ្សែការពារ Sergio Reguilon ថា David de Gea ជាអ្នកជំរុញរូបគេឱ្យផ្ទេរមក Man UTD

ខ្សែការពារ Sergio Reguilon ថ្មីៗនេះ បានសម្រេចចិត្តផ្ទេរមកចូលរួមជាមួយ Manchester United នៅក្នុងលក្ខណ្ឌខ្ចីជើងពី Tottenham Hotspur ខណៈរូបគេបានបង្ហើបថា វីរបុរសក្រុមបិសាចក្រហម អ្នកចាំទី David de Gea គឺជាអ្នកនៅពីក្រោយ និងជំរុញការផ្ទេរនេះ។

ជាក់ស្តែង Reguilon នៅមិនទាន់បានបង្ហាញខ្លួនលើកដំបូងសម្រាប់ Manchester United នៅឡើយនោះទេ ចាប់តាំងពីបានផ្ទេរនៅទីផ្សារដោះដូរកីឡាករនារដូវក្តៅមក។ យ៉ាងណាក៏ដោយ កីឡាករសញ្ជាតិអេស្ប៉ាញរូបនេះ ត្រូវបានគេរំពឹងទុកខ្ពស់ថា អាចនឹងបង្ហាញខ្លួនសម្រាប់ក្រុមរបស់គ្រូបង្វឹកលោក Ten Hag នៅប៉ុន្មានសប្តាហ៍ខាងមុខ។

ដោយឡែក នៅពេលនិយាយអំពីការសម្រេចចិត្តក្នុងការផ្ទេរមកកាន់ទឹកដី Old Trafford នេះ Ruguilon បានបង្ហើបថាគេទទួលបានការណែនាំពី De Gea ដោយបានប្រាប់មកកាន់គេថា Man UTD គឺជាក្លិបដ៏ល្អបផុត។

កីឡាករវ័យ២៦ឆ្នាំបានអោយដឹងដូច្នេះថា៖ ” ខ្ញុំបាននិយាយគ្នាជាច្រើនជាមួយ David De Gea ហើយគាត់បានប្រាប់ខ្ញុំច្រើនពី Man UTD ។ គាត់បាននិយាយថា បើខ្ញុំកំពុងរកក្លិបលេងនៅអង់គ្លេស នោះ Man UTD គឺល្អបំផុត។”

Sergio Reguilon បានចូលរួមជាមួយ Tottenham Hotspur ដោយផ្ទេរចេញពី Real Madrid ដោយលេងជាមួយក្រុមមាន់ខ្នាយមាស រូបគេបានបង្ហាញខ្លួនចំនួន៦៧ដង ស៊ុតបញ្ចូលទីបានចំនួន២គ្រាប់។ រូបគេបានចំណាយពេលរដូវកាលមុនលេងនៅ Atlético Madrid ជាកីឡាករខ្ចីជើងដូចគ្នា ដោយបង្ហាញខ្លួនបានចំនួន១២ប្រកួត។ ចំពោះការផ្ទេរមកកាន់ Man UTD នេះ Reguilon សង្ឃឹមថា ខ្លួននឹងអាចបង្ហាញសមត្ថភាពបានល្អប្រសើរ ជាងពេលកន្លងមក៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង