Bukayo Saka បានឈ្នះពានរង្វាន់កីឡាករអង់គ្លេសឆ្នើមប្រចាំឆ្នាំ និងជាការឈ្នះចំនួន ២ឆ្នាំជាប់គ្នា បន្ទាប់ពីទទួលបានពានរង្វាន់នេះម្ដងទៀត ពេលកំពុងហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិអង់គ្លេសត្រៀមសម្រាប់ការប្រកួតវគ្គជម្រុះ EURO 2024 ទល់នឹងអ៊ុយក្រែន។
ខ្សែបម្រើស្លាបរបស់ក្រុមកាំភ្លើងធំ Arsenal ដែលមានអាយុ ២២ ឆ្នាំ បានឈរនៅលើកំពូលតារាងនៃការបោះឆ្នោតពានរង្វាន់កីឡាករអង់គ្លេសឆ្នើម រដូវកាល២០២២-២៣។ ខ្សែបម្រើ Jude Bellingham របស់ក្លិប Real Madrid ជាប់ចំណាត់ថ្នាក់លេខ២ ខណៈ Harry Kane ប្រធានក្រុមអង់គ្លេស និងជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេបំផុតសម្រាប់អង់គ្លេស ស្ថិតនៅលេខ៣។
Saka បានស៊ុតបញ្ចូលទីឱ្យក្រុមអង់គ្លេសចំនួន ៧ គ្រាប់ក្នុងការបង្ហាញខ្លួន ១០ លើកកាលពីឆ្នាំមុន រួមទាំងការស៊ុតបញ្ចូលទី Hattrick ក្នុងជ័យជម្នះ ៧-០ លើក្រុមម៉ាសេដូនីខាងជើង នៅកីឡដ្ឋាន Old Trafford ។
រូបគេបានស៊ុតបាល់បញ្ចូលទីចំនួន ៣ គ្រាប់សម្រាប់ក្រុមតោកំណាចអង់គ្លេស នៅការប្រកួតបាល់ទាត់ពិភពលោក ឆ្នាំ២០២២ ក្នុងនោះ ២ គ្រាប់ពេលឈ្នះអ៊ីរ៉ង់ ៦-២ នៅវគ្គចែកពូល និង១គ្រាប់ក្នុងជ័យជម្នះ ៣-០ ក្នុងវគ្គ ១៦ ក្រុមចុងក្រោយជាមួយនឹងសេណេហ្គាល់។
Saka ដែលទើបតែឈ្នះពានរង្វាន់កីឡាករវ័យក្មេងឆ្នើមប្រចាំឆ្នាំរបស់ PFA កាលពីរដូវកាលមុននោះ រកបាន ១១ គ្រាប់សម្រាប់ក្រុមអង់គ្លេសក្នុង ២៨ ប្រកួត៕