×

Man City អាចប៉ះក្រុមម៉ិកស៊ិកូ Leon ឬក្រុមជប៉ុន Urawa Red Diamonds ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ FIFA Club World Cup

កម្មវិធីផ្គូផ្គងក្រុមប្រកួតក្នុងព្រឹត្តិការណ៍ FIFA Club World Cup បានដំណើរការរួចរាល់ហើយ ដែលបានធ្វើឡើងនាទីក្រុង Jeddah ប្រទេសអារ៉ាប៊ីសាអ៊ូឌីត។

នៅក្នុងនោះដែរ Al-Ittihad Club របស់អារ៉ាប៊ីសាអ៊ូឌីត ត្រូវជួបក្រុមអូស្ត្រាលី Auckland City ក្នុងការប្រកួតជុំទី១ ដើម្បីស្វែងរកកៅអីឡើងទៅជុំទី២ ជួបក្រុមអេស្ស៊ីប Al Ahly ដែលរង់ចាំរួចជាស្រេច។ ក្រុមដែលឈ្នះជុំទី២នេះ ត្រូវបន្តទៅជួបក្រុមដែលជាម្ចាស់ពានរង្វាន់កំពូលទ្វីបអាមេរិកខាងត្បូង Copa Libertadores ដែលមាន៤ក្រុមកំពុងប្រជែងគ្នាគឺក្រុមអាហ្សង់ទីន Boca Juniors និងក្រុមប្រេស៊ីល៣ទៀតគឺ Palmeiras, Fluminense និង Internacional។

ចំណែកឯ ក្រុមម្ចាស់ជើងឯកអឺរ៉ុប Man City អាចនឹងត្រូវជួបតតាំងជាមួយ Club Leon របស់ម៉ិកស៊ិកូ ឬ Urawa Reds Diamonds របស់ជប៉ុន នៅក្នុងការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ពានរង្វាន់ FIFA Club World Cup នាខែធ្នូខាងមុខ។

ក្រុមមេឃខៀវ នឹងចូលរួមប្រកួតពានរង្វាន់បាល់ទាត់ពិភពលោកសម្រាប់ក្លិបអាជីព ជាលើកដំបូង បន្ទាប់ពីពួកគេបានគ្រងជើងឯកពានរង្វាន់ UEFA Champions League រដូវកាលមុន ហើយចាប់ផ្ដើមក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។

ក្រុមមកពីម៉ិកស៊ីកូ Club Leon ជាក្រុមជើងឯក Concacaf Champions League ទ្វីបអាមេរិកខាងជើង ខណៈ Urawa Reds បានឈ្នះជើងឯក AFC Champions League ទ្វីបអាស៊ី។

FIFA Club World Cup នឹងធ្វើឡើងក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌីត រវាងថ្ងៃទី១២ដល់២២ខែធ្នូ ឆ្នាំ២០២៣ ដែលនេះជាលើកដំបូងហើយ សម្រាប់ប្រទេសនៅមជ្ឈិមបូព៌ាមួយនេះ ដែលធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ក្លិបបាល់ទាត់ជើងឯកពិភពលោក៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង