មានអ្នកគាំទ្ររាប់ពាន់នាក់ បានមកចូលរួមពិធីស្វាគមន៍ការបង្ហាញខ្លួនជាផ្លូវការ របស់ខ្សែប្រយុទ្ធ Mason Greenwood ក្នុងនាមជាសមាជិកថ្មីរបស់ក្លិប Getafe ដែលកម្មវិធីនេះបានដំណើរការឡើងនាកីឡដ្ឋាន Coliseum Alfonso Pérez ជាទឹកដីរបស់ក្លិបផ្ទាល់។
ជាការពិត កីឡាករវ័យ២១ឆ្នាំ បានចាកចេញពីក្លិប Man United ដើម្បីមកចូលរួមជាមួយក្លិប Getafe នៅលីគកំពូលអេស្ប៉ាញក្នុងលក្ខខណ្ឌខ្ចីជើងរហូតដល់ចប់រដូវកាល។
Mason Greenwood បាននិយាយកាលពីខែមុនថា Mason Greenwood នឹងចាកចេញពីទឹកដី Old Trafford ដើម្បីកុំឱ្យមានបញ្ហារំខានញាំញី ទោះបីជារូបគេត្រូវបានជម្រះមន្ទិលពីការចោទប្រកាន់ពីបទរំលោភ និងការប្រើប្រាស់អំពើហិង្សាលើមិត្តស្រីក៏ដោយ។
រូបគេត្រូវបាន Man United ព្យួរឈ្មោះមិនអោយចូលរួមប្រកួត ឬ ហ្វឹកហាត់ កាលពីខែមករាឆ្នាំ ២០២២ នៅពេលដែលការចោទប្រកាន់ប្រឆាំងនឹងរូបគេបានលេចឡើងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។
យ៉ាងណា ការចោទប្រកាន់ផ្នែកព្រហ្មទណ្ឌទាំងអស់ដែលប្រឆាំងនឹង Mason Greenwood ត្រូវបានទម្លាក់ចោលនៅក្នុងខែកុម្ភៈ ឆ្នាំ២០២៣ ដោយអយ្យការបាននិយាយថា មិនមានសាក្សីសំខាន់ៗ និងព័ស្តុតាងថ្មីៗ ដើម្បីដាក់បន្ទុកលើកីឡាករនោះទេ។
បន្ទាប់ពីបានប្រកាសពីកិច្ចព្រមព្រៀងខ្ចីជើងជាមួយ Getafe កាលពីសប្តាហ៍មុនរួចមក Man United បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ការផ្លាស់ប្តូរនេះនឹងអនុញ្ញាតឱ្យ Mason Greenwood ចាប់ផ្តើមកសាងអាជីពរបស់ខ្លួនឡើងវិញ៕