×

Man Utd ចេញសេចក្តីថ្លែងការណ៍ផ្លូវការពាក់ព័ន្ធនឹងការចោទប្រកាន់លើ Antony

Manchester United បានចេញសេចក្តីថ្លែងការណ៍ថា ពួកគេកំពុងយកចិត្តទុកដាក់ខ្លាំងបំផុតលើការចោទប្រកាន់មកកាន់ខ្សែបម្រើស្លាប Antony របស់ពួកគេ បន្ទាប់ពីអតីតមិត្តស្រីរបស់កីឡាករសញ្ជាតិប្រេស៊ីល បានចោទប្រកាន់ពីបទអំពើហិង្សាមកលើនាង។

សារព័ត៌មានប្រេស៊ីល បានចេញផ្សាយការចោទប្រកាន់ដែលធ្វើឡើងដោយអតីតមិត្តភាពរបស់ Antony កាលពីថ្ងៃចន្ទ។ ប៉ូលីសនៅទីក្រុង Sao Paulo និង Manchester កំពុងបើកការស៊ើបអង្កេត បន្ទាប់ពី Antony បានបដិសេធនូវការចោទប្រកាន់នេះ។ កីឡាករវ័យ ២៣ ឆ្នាំរូបនេះ ត្រូវបានដកចេញពីក្រុមជម្រើសជាតិប្រេស៊ីល បន្ទាប់ពីមានព័ត៌មាននៃការចោទប្រកាន់បានលេចឡើង។

Man Utd បាននិយាយថា៖ “Manchester United បានទទួលដំណឹងពីការចោទប្រកាន់ដែលបានធ្វើឡើងប្រឆាំងនឹង Antony ហើយកត់សម្គាល់ថា ប៉ូលីសកំពុងធ្វើការសាកសួរ។ ពួកយើងរង់ចាំព័ត៌មានបន្ថែម ក្លិបនឹងមិនធ្វើអត្ថាធិប្បាយបន្ថែមទេ។”
“ក្នុងនាមជាក្លិបមួយ ពួកយើងកំពុងយកចិត្តទុកដាក់លើបញ្ហានេះ ដោយគិតគូរពីផលប៉ះពាល់នៃការចោទប្រកាន់ទាំងនេះ និងរបាយការណ៍ជាបន្តបន្ទាប់ នឹងកើតមានលើជនរងគ្រោះនៃអំពើហិង្សា”។

ទោះជាយ៉ាងណា Antony បាននិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា៖ “ខ្ញុំអាចបញ្ជាក់ដោយស្មោះថា ការចោទប្រកាន់នេះគឺមិនពិតទេ ហើយព័ស្តុតាងដែលត្រូវបានរៀបចំ និងព័ស្តុតាងផ្សេងទៀតដែលនឹងត្រូវរៀបចំ បង្ហាញថាខ្ញុំគ្មានកំហុសចំពោះការចោទប្រកាន់នេះឡើយ” ។
“ខ្ញុំជឿជាក់ថាការស៊ើបអង្កេតរបស់ប៉ូលីសដែលកំពុងបន្ត នឹងបង្ហាញការពិតពីភាពស្អាតស្អំរបស់ខ្ញុំ”។

Antony ត្រូវបានគេចោទប្រកាន់ថាបានវាយប្រហារអតីតមិត្តស្រីរបស់គេ គឺ Gabriela Cavallin ដោយយកក្បាលជល់លើរូបនាង នៅក្នុងបន្ទប់សណ្ឋាគារ Manchester កាលពីថ្ងៃទី១៥ ខែមករា ដែលធ្វើឱ្យនាងរងរបួសក្បាល និងត្រូវទទួលការព្យាបាលពីគ្រូពេទ្យ។ នាងក៏បានចោទប្រកាន់ថា Antony បានដាល់ចំដើមទ្រូង ដែលទាមទារឱ្យមានការវះកាត់។

ការចោទប្រកាន់នេះកើតឡើង បន្ទាប់ពីក្លិប Premier League បានប្រកាសកាលពីខែមុនថា ខ្សែប្រយុទ្ធ Mason Greenwood នឹងចាកចេញពីក្លិបដោយការព្រមព្រៀងគ្នាទៅវិញទៅមក បន្ទាប់ពីការស៊ើបអង្កេតផ្ទៃក្នុងរយៈពេល ៦ ខែ ជុំវិញការចោទប្រកាន់ទាក់ទងនឹងអំពើហិង្សាលើមិត្តស្រីផងដែរ។ កីឡាករវ័យ ២១ ឆ្នាំរូបនេះ បានចូលរួមជាមួយក្លិប Getafe របស់អេស្ប៉ាញក្នុងលក្ខខណ្ឌខ្ចីជើងកាលពីសប្តាហ៍មុន៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង