×

Antony ពន្យារពេលត្រឡប់មកកាន់ Man Utd ដោយទទួលថ្លៃនឿយហត់ជាធម្មតា

Antony នឹងពន្យារពេលត្រឡប់ទៅហ្វឹកហាត់ជាមួយក្រុម Manchester United វិញបន្ទាប់ពីការសម្រាកអន្តរជាតិ ចំពេលមានការចោទប្រកាន់ពាក់ព័ន្ធនឹងការប្រើប្រាស់អំពើហិង្សាលើស្ត្រី។

Antonyនៅតែទទួលបានប្រាក់ឈ្នួលប្រចាំសប្ដាហ៍ជាធម្មតា ស្របពេល Man Utd នឹងបន្តពិនិត្យមើលស្ថានភាពដែលមានការវិវឌ្ឍទៅមុខ។

ខ្សែបម្រើស្លាបរូបនេះ ត្រូវបានដកឈ្មោះពីក្រុមជម្រើសជាតិប្រេស៊ីល បន្ទាប់ពីការចោទប្រកាន់ដោយអតីតមិត្តស្រី ឈ្មោះ Gabriela Cavalin ហើយក្រោយមក Antony បានបង្ហាញខ្លួននៅលើកញ្ចក់ទូរទស្សន៍ប្រេស៊ីល ដើម្បីបដិសេធការចោទប្រកាន់នេះ។

សារព័ត៌មានក្នុងស្រុកបានរាយការណ៍អតីតមិត្តស្រី Antony ត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យ បន្ទាប់ទទួលរងនូវអំពើហិង្សាពី Antony និងស្ត្រីម្នាក់ នៅក្នុងខែឧសភាឆ្នាំ២០២២។

សេចក្តីថ្លែងការណ៍របស់ Anthony បានឱ្យដឹងថា៖ “ខ្ញុំបានយល់ព្រមជាមួយ Manchester United ក្នុងការអវត្តមានមួយរយៈ ខណៈពេលដែលខ្ញុំដោះស្រាយបណ្ដឹងដែលបានចោទប្រកាន់មកលើរូបខ្ញុំ”។

“នេះគឺជាការសម្រេចចិត្តរួម ដើម្បីជៀសវាងការរំខានដល់មិត្តរួមក្រុមរបស់ខ្ញុំ និងភាពចម្រូងចម្រាសដែលមិនគួរឱ្យមាន សម្រាប់ក្លិប”។

“ខ្ញុំចង់បញ្ជាក់ជាថ្មីអំពីភាពស្អាតស្អំរបស់ខ្ញុំចំពោះរឿងដែលខ្ញុំត្រូវបានចោទប្រកាន់ ហើយខ្ញុំនឹងសហការយ៉ាងពេញលេញជាមួយប៉ូលីសដើម្បីជួយពួកគេស្វែងរកការពិត។ ខ្ញុំទន្ទឹងរង់ចាំការវិលត្រឡប់មកលេងវិញឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន”៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង