×

ខ្សែបម្រើ Kevin De Bruyne ចង់ចូលនិវត្តន៍នៅ Man City ក្រោយបដិសេធសំណើពីក្លិបអារ៉ាប៊ីសាអ៊ូឌីត

ខ្សែបម្រើ Kevin De Bruyne បានបង្ហើបពីគម្រោងចូលនិវត្តន៍ពីអាជីពលើវាលស្មៅរបស់ខ្លួនជាមួយក្លិប Man City បន្ទាប់ពីបានបដិសេធសំណើពីក្លិបនៅអារ៉ាប៊ីសាអ៊ូឌីត។

កីឡាករបែលហ្ស៊ីក នៅមានកុងត្រាជាមួយ Man City រហូតដល់ឆ្នាំ២០២៥ ហើយរូបគេបានក្លាយជាកីឡាករគោលដៅធំមួយសម្រាប់ការផ្ទេរពីក្របខណ្ឌ Premier League ទៅកាន់ក្របខណ្ឌ Saudi Pro League ដូចអតីតកីឡាករមិត្តរួមក្រុម Aymeric Laporte និង Riyad Mahrez ដែលបានផ្ទេរទៅរួចហើយ។

ទន្ទឹមនឹងនេះ កាលពីទីផ្សារដោះដូរកីឡាកររដូវក្តៅកន្លងទៅ De Bruyne បានទទួលសំណើជាបន្តបន្ទាប់ពីក្លិបនៅអារ៉ាប៊ីសាអ៊ូឌីតដែលចង់បានរូបគេពី Man City ក្រោយការប្រកួតពានរង្វាន់ UEFA Champions League ត្រូវបានបញ្ចប់កាលពីរដូវកាលឆ្នាំ២០២២-២៣។ ប៉ុន្តែ De Bruyne បានបញ្ជាក់ចម្លើយច្បាស់លាស់ ដោយធ្វើបដិសេធព្រោះគេពេញចិត្ត និងខិតខំប្រកួតប្រជែងយកពានជាច្រើនទៀតមកឱ្យ Man City ហើយក៏ចង់បញ្ចប់អាជីពនៅទឹកដី Etihad តែម្តង។ ម្យ៉ាងវិញទៀត រូបគេនិងក្រុមគ្រួសារ កំពុងរីករាយក្នុងការស្នាក់នៅទីក្រុង Manchester ហើយក៏គ្មានគម្រោងនឹងចាកចេញទៅណាដែរ។

កីឡាករវ័យ ៣២ឆ្នាំ បច្ចុប្បន្នកំពុងមានបញ្ហារបួស ដែលធ្វើឱ្យរូបគេត្រូវអាក់ខានបង្ហាញខ្លួនលើទីលាន រហូតដល់ឆ្នាំក្រោយ ប៉ុន្តែរូបគេនៅតែជាកីឡាករសំខាន់មួយរូបក្នុងគម្រោងរបស់គ្រូបង្វឹក Man City លោក Pep Guardiola ជាយូរអង្វែងទៀត។

សូមបញ្ជាក់ថា Kevin De Bruyne បានមកចូលរួម Man City ដោយផ្ទេរ ក្លិបអាល្លឺម៉ង់ Wolfsburg កាលពីឆ្នាំ២០១៥ មកទល់ពេលនេះ រូបគេបានបង្ហាញខ្លួន ៣៥៨ដង ស៊ុតបញ្ចូលទីបាន៩៦ គ្រាប់ ដោយបានរួមចំណែកឈ្នះពានរង្វាន់ Premier League ៥ដង FA Cup ២ដង EFL Cup ៥ដង និង UEFA Champions League ១ដងផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង