ក្លិប Man UTD អនុញ្ញាតឱ្យខ្សែបម្រើ Antony ឈប់សម្រាករយៈពេលខ្លី ដើម្បីដោះស្រាយការចោទប្រកាន់ពីបទរំលោភបំពានលើអតីតមិត្តស្រី។
កីឡាករវ័យ ២៣ឆ្នាំ ត្រូវបានក្រុមជម្រើសជាតិប្រេស៊ីលដកចេញពីបញ្ជីក្រុម កាលពីថ្ងៃ៤ ខែកញ្ញា បន្ទាប់ពីរងការចោទប្រកាន់ពីបទរំលោភបំពានលើរាងកាយអតីតមិត្តស្រីនាង Gabriela Cavallin។
ក្លិប Man United បានចេញសេចក្តីថ្លែងការណ៍មួយ ដោយទទួលស្គាល់ការចោទប្រកាន់ដែលបានធ្វើឡើងប្រឆាំងនឹង Antony។
ក្លិបបិសាចក្រហមបានលើកឡើងថា៖ “ក្លិបទទួលស្គាល់ការចោទប្រកាន់ដែលបានធ្វើឡើងប្រឆាំងនឹង Antony។ កីឡាករដែលមិនបានចូលរួមក្នុងការប្រកួតអន្តរជាតិត្រូវត្រលប់មកហ្វឹកហាត់វិញ តែគេត្រូវបានយល់ព្រមអោយឈប់សម្រាក រហូតដល់មានការដោះស្រាយការចោទប្រកាន់។”
Antony បានបង្ហោះសារនៅលើបណ្តាញសង្គម Instagram ដោយបានអះអាងថារូបគេជាជនរងគ្រោះ ហើយការចោទប្រកាន់នោះគឺជារឿងមិនពិត។
ការបដិសេធនេះបានកើតឡើងបន្ទាប់ពីសារព័ត៌មានប្រេស៊ីលបានចុះផ្សាយ ដោយអះអាងថាកីឡាកររូបនេះបានគំរាមកំហែងអតីតមិត្តស្រីនាង Cavallin ហើយក៏ត្រូវបានបង្ហាញនៅក្នុងរូបថតមួយជាមួយនឹងរបួសក្បាលជាក់ស្តែងផងដែរ។
អតីតកីឡាករក្រុម Ajax បាននិយាយថាទំនាក់ទំនងរបស់គេជាមួយនឹងអតីតមិត្តស្រី គឺមានភាពច្របូកច្របល់ ដោយការរំលោភបំពានពាក្យសំដីទាំងសងខាង។ Antony បដិសេធមិនបានបង្កអំពើហិង្សាលើអតីតមិត្តស្រីនោះទេ។
បញ្ហារឿងអាស្រូវរបស់ Antony គឺជារឿងទីពីរនៃការរំលោភបំពានលើរាងកាយ បន្ទាប់ពីក្លិបធ្លាប់មានបញ្ហារឿងអាស្រូវស្រដៀងនេះរួចមកហើយគឺលើកីឡាករ Mason Greenwood វ័យ ២១ឆ្នាំ។
Greenwood ត្រូវបានក្លិប Man United ព្យួរពីក្រុមកាលពីឆ្នាំ ២០២១ ក្រោយមានរឿងអាស្រូវប៉ុនប៉ង់រំលោភបំពានផ្លូវភេទលើមិត្តស្រី និងបានបង្កអំពើហិង្សា។ កាលពីសប្តាហ៍មុន Greenwood បានផ្លាស់ទៅកាន់ក្លិប Getafe របស់អេស្ប៉ាញក្រោមលក្ខខណ្ឌខ្ចីជើង ដើម្បីវិលចូលក្នុងវិស័យបាល់ទាត់ដើម្បីពង្រឹងសមត្ថភាពឡើងវិញ ក្រោយពេលបទចោទលើរូបគេត្រូវបានទម្លាក់៕