ការស្វែងរកដៃគូឧបត្ថម្ភថ្មីរបស់ក្រុម Manchester United ត្រូវបានបញ្ចប់ បន្ទាប់ពីក្លិបបានបញ្ជាក់ថា ពួកគេបានយល់ព្រមលើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនរបស់អាមេរិក Snapdragon ។
ក្រុមហ៊ុននេះ គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Qualcomm ដែលបានពិភាក្សាជាមួយ United ជុំវិញការក្លាយជាអ្នកឧបត្ថម្ភថ្មីនៅផ្នែកខាងមុខនៃអាវរបស់ក្រុមបិសាចក្រហម។
កិច្ចព្រមព្រៀងរបស់ Man Utd ជាមួយក្រុមហ៊ុន TeamViewer នឹងមិនត្រូវបានបន្តឡើយ។ ក្លិបបានប្រកាសពីដៃគូឧបត្ថម្ភថ្មីរបស់ពួកគេកាលពីថ្ងៃអង្គារ នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយ។
សេចក្ដីរាយការណ៍បានឱ្យដឹងថា United បានដាក់គោលដៅយកកិច្ចព្រមព្រៀងតម្លៃ ៦០លានផោនក្នុងមួយឆ្នាំ ធ្វើឱ្យពួកគេមានកិច្ចព្រមព្រៀងលើអាវថ្លៃជាង Real Madrid និងក្រុមហ៊ុន Fly Emirates ។
កិច្ចព្រមព្រៀងថ្មីនេះ បានទទួលជោគជ័យស្របពេលដែលភាពតានតឹងរវាងម្ចាស់ក្លិបដែលជាត្រកួលគ្រួសារ Glazer និងអ្នកគាំទ្រក្រុមបិសាចក្រហម នៅតែបន្ត ខណៈដំណើរការនៃការលក់ក្លិបបានជាប់គាំងជិតមួយឆ្នាំ។
អ្នកគាំទ្របានទាមទារឱ្យមានការផ្លាស់ប្ដូរម្ចាស់ក្លិបថ្មី និងបង្ហាញការខកចិត្តយ៉ាងខ្លាំងចំពោះការអូសបន្លាយនៃដំណើរការលក់ក្លិប ដែលបានចាប់ផ្ដើមតាំងពីខែវិច្ឆិកា ឆ្នាំមុន៕