Jadon Sancho ត្រូវបានដកចេញពីក្រុមឈុតធំរបស់ក្រុម Manchester United ក្រោយមិនសុំទោស ទៅកាន់លោក Erik ten Hag ។
Jadon Sancho បានប៉ះទង្គិចជាមួយគ្រូបង្វឹករបស់ Man Utd ជាសាធារណៈ។ កីឡាករវ័យ ២៣ ឆ្នាំរូបនេះ បានរិះគន់គ្រូបង្វឹករបស់ខ្លួននៅលើបណ្ដាញសង្គមកាលពីសប្តាហ៍មុន បន្ទាប់ពីលោក Ten Hag មិនដាក់ឱ្យលេងក្នុងការប្រកួតរបស់ក្រុមបិសាចក្រហម។ គ្រូ Man Utd ថា Sancho បង្ហាញទម្រង់លេងមិនល្អអំឡុងពេលហ្វឹកហាត់ ប៉ុន្តែកីឡាករសញ្ជាតិអង់គ្លេសបានចាត់ទុកការអះអាងនេះថា មិនពិត ។
ក្រោយមក ក្រុមបិសាចក្រហមបានចេញសេចក្តីថ្លែងការណ៍មួយកាលពីរសៀលថ្ងៃព្រហស្បតិ៍ដោយបញ្ជាក់ថា Sancho នឹងហ្វឹកហាត់តែម្នាក់ឯង រហូតដល់ជម្លោះត្រូវបានដោះស្រាយ។ ទោះបីជាយ៉ាងណា របាយការណ៍ពី The Athletic បានបង្ហាញថា Man Utd បានធ្វើការសម្រេចចិត្តបន្ទាប់ពី Sancho បានបដិសេធមិនចេញការសុំទោសលោក Ten Hag ។
Sancho បានចូលរួមជាមួយ Man Utd ពីក្រុម Borussia Dortmund នៅក្នុងទីផ្សារដោះដូរកីឡាករ ក្នុងឆ្នាំ២០២១ ដោយមានតម្លៃផ្ទេរ ៧៣ លានផោន។ រូបគេនឹងគ្មានឈ្មោះក្នុងការប្រកួតរវាង Man Utd ទល់នឹង Brighton នៅកីឡដ្ឋាន Old Trafford នាថ្ងៃសៅរ៍ ទី១៦ ខែកញ្ញា ដែលនឹងមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ MyTV តែមួយគត់ ចាប់ពីម៉ោង ៩:០០ យប់តទៅ៕