លោក Mauricio Pochettino អ្នកចាត់ការទូទៅរបស់ក្រុមតោខៀវ Chelsea បានប្រាប់ឱ្យ Mykhaylo Mudryk ព្យាយាមអភិវឌ្ឍខ្លួនបន្ថែមទៀត បន្ទាប់ពីការបង្ហាញទម្រង់មិនបានល្អនៅក្នុងការប្រកួតទល់នឹង Bournemouth ដែលបានបញ្ចប់ដោយលទ្ធផលស្មើ។
ក្រុមតោខៀវបានចំណាយប្រាក់ ៨៨,៥ លានផោន ដើម្បីទិញខ្សែបម្រើស្លាបរូបនេះ ក្នុងទីផ្សារដោះដូរកីឡាករកាលពីរដូវកាលមុន។ Mudryk មិនទាន់អាចរកគ្រាប់បាល់ឱ្យ Chelsea នៅក្នុងក្របខណ្ឌ Premier League នៅឡើយ។
ភាពលំបាកបានបន្តកាលពីថ្ងៃអាទិត្យ នៅពេលដែលរូបគេបានលេងនៅស្លាបឆ្វេងទល់នឹងBournemouth នៅកីឡដ្ឋាន Vitality ។ កីឡាករអ៊ុយក្រែនរូបនេះ មិនអាចសូម្បីតែបញ្ជូនបាល់ឱ្យមិត្តរួមក្រុមរបស់ខ្លួន។ ជាលទ្ធផល រូបគេត្រូវបានប្ដូរចេញ នៅវគ្គទីពីរ ជំនួសវិញដោយកីឡាករCole Palmer ។
ការប្រកួតរវាង Chelsea និង Bournemouth បានបញ្ចប់ដោយលទ្ធផល ០-០ ដែលជាការប្រកួតទី៤៧ ចាប់តាំងពីការចាប់ផ្ដើមរដូវកាលថ្មី Premier League ដែលបញ្ចប់ដោយការស្មើដោយគ្មានគ្រាប់ជាលើកដំបូង។
Chelsea ដែលទើបទទួលបានជ័យជម្នះ១លើកនៅរដូវកាលនេះ មាន ៥ ពិន្ទុក្នុង ៥ប្រកួតកន្លងទៅ។ ចំណែក Bournemouth កំពុងស្វែងរកជ័យជម្នះជាលើកដំបូង ក្រោយស្មើ ៣ និងចាញ់ ២៕