×

គ្រូ Man UTD ថា ក្រុមខ្លួនមិនទាន់ស្ថិតក្នុងវិបត្តិទេ ទោះបានចាញ់២ប្រកួតជាប់គ្នាក្តី

លោក Erik ten Hag គ្រូបង្វឹក Manchester United បាននិយាយថា ក្រុមរបស់លោកមិនស្ថិតក្នុងវិបត្តិទេ និងជឿជាក់កូនក្រុមអាចផ្លាស់ប្តូរស្តានការអាក្រក់បាន បើពួកគេប្រកាន់ខ្ជាប់នូវផែនការក្រុម។

ជាការពិត Man UTD ទើបតែចាញ់ Brighton ដោយលទ្ធផល ៣-១ នៅទឹកដី Old Trafford ក្នុងជំនួប Premier League សប្តាហ៍ទី៥។ ក្រុមបិសាចក្រហម ត្រូវរងភាពអាម៉ាសនៅទឹកដីខ្លួន តាមរយៈការស៊ុតបញ្ចូលទីជាបន្តបន្ទាប់របស់ Danny Welbeck, Pascal Gross និង Joao Pedro ។ Hannibal Mejbri ដែលទើបប្តូរចូល និងបង្ហាញខ្លួនដំបូង សម្រេចទីបាន១គ្រាប់ឱ្យក្រុមម្ចាស់ផ្ទះវិញ។

នេះជាបរាជ័យលើកទី២ជាប់ៗគ្នារបស់ Man UTD បន្ទាប់ពីចាញ់ Arsenal ៣-១ និងជាបរាជ័យទី៣ របស់ក្រុមលោក Ten Hag ក្នុងចំណោម៥ប្រកួតដំបូងរដូវកាលថ្មី។ លទ្ធផលនេះ លោក Ten Hag ហាក់ដូចមិនបានដាក់បន្ទុកទៅកាន់កូនក្រុមខ្លួននោះទេ និងថែមទាំងជឿជាក់លើកូនក្រុមថាអាចស្តារស្ថានការលំបាកនេះឡើងវិញទៀតផង។

គ្រូបង្វឹកជនជាតិហូឡង់បានឱ្យដឹងដូច្នេះថា៖ “យើងត្រូវតែរួមគ្នា និងប្រកាន់ខ្ជាប់នូវផែនការក្រុម ហើយយើងនឹងផ្លាស់ប្តូរស្ថានការណ៍នេះវិញបាន។ យើងត្រូវមើលថាតើយើងខ្លាំងប៉ុណ្ណា និងរបៀបដែលក្រុមលេងជាមួយគ្នា។ យើងពិតជាអាចបង្កើតឱកាសល្អមួយបាន។”

លោក Ten Hag ដែលឡើងកាន់តំណែងនៅ Man UTD រដូវកាលមុន បានជួយក្រុមមានស្ថិរភាពឡើងវិញ ដោយដណ្តើមបានពានរង្វាន់ EFL Cup និងកៅអី Champions League។ យ៉ាងណា តាមរយៈការប្រកួត៥លើកដំបូងនេះត្រូវបានគេមើលឃើញថា ក្តីសង្ឃឹមប្រជែងពាន Premier League របស់ Man UTD បានរសាត់បាត់ទៅហើយ ដ្បិតគូប្រជែងដូចជាម្ចាស់ការពារជើងឯក Man City, Arsenal និង Liverpool បានបង្ហាញភាពលេចធ្លោរបស់ខ្លួន។ Man City បានវាយបកយកឈ្នះ West Ham ៣-១ វិញ ខណៈ Liverpool ក៏បានធ្វើដូចគ្នានេះដោយយកឈ្នះ Wolves ៣-១ ផងដែរ។

ឆ្លងកាត់ការប្រកួត៥លើក Man City ឈរកំពូលតារាងមាន១៥ពិន្ទុពេញ តាមពីក្រោយដោយ Spurs ដែលមាន១៣ពិន្ទុ។ Brighton ឈរលេខ ៥ មាន១២ពិន្ទុ។ រីឯ Man UTD ការបង្ហាញខ្លួនមិនល្អដើមរដូវកាល ធ្វើឱ្យពួកគេ ធ្លាក់ទៅចំណាត់ថ្នាក់ទី១៣ ក្នុងតារាងលីគកំពូលអង់គ្លេស ដោយរកបាន៦ពិន្ទុប៉ុណ្ណោះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង