×

Newcastle បំពានច្បាប់UEFA មុនការប្រកួតUCLជាលើកដំបូងក្នុងពេលជាង២ទសវត្សរ៍

ក្រុម Newcastle United បានបំពានច្បាប់របស់សហព័ន្ធកីឡាបាល់ទាត់ទ្វីបអឺរ៉ុប (UEFA) ដោយអចេតនាលើការរៀបចំសម្រាប់ការប្រកួត Champions League បន្ទាប់ពីជើងហោះហើររបស់ពួកគេទៅកាន់ទីក្រុង Milan ត្រូវបានពន្យារពេលជាងពីរម៉ោង ដោយសារព្យុះនៅប្រទេសអ៊ីតាលី។

លោក Eddie Howe និងកូនក្រុម Newcastle របស់គាត់ បានចេញដំណើរយឺត ២ម៉ោង ២០នាទីពីទីក្រុង Newcastle សម្រាប់ជើងហោះហើររបស់ពួកគេទៅកាន់ភាគខាងជើងនៃប្រទេសអ៊ីតាលី។

តាមច្បាប់របស់ UEFA កំណត់ថា ក្រុមនីមួយៗត្រូវធ្វើសន្និសីទសារព័ត៌មានមុនការប្រកួតរបស់ពួកគេ នៅចន្លោះម៉ោង ១២ ថ្ងៃត្រង់ដល់ម៉ោង ៨ យប់ ម៉ោងក្នុងស្រុក មួយថ្ងៃមុនពេលការប្រកួត។

ប៉ុន្តែព្យុះបានបោកបក់កាត់ទីក្រុង Milan នៅម៉ោង ៥ ល្ងាច បន្ទាប់ពីយន្តហោះរបស់ Newcastle បានហោះឡើង ប៉ុន្តែវាមិនច្បាស់ទេថាតើនោះជាមូលហេតុនៃការពន្យារពេលនេះ ឬយ៉ាងណា។

នៅពេលដែលក្រុមសារិកាព្រៃបានទៅដល់កីឡដ្ឋាន San Siro លោក Eddie Howe បានប្រាប់ថា អាកាសធាតុគឺជាហេតុផលសម្រាប់ការពន្យារពេលរបស់ពួកគេ ហើយថាពួកគេបានរង់ចាំនៅលើយន្តហោះអស់រយៈពេលជិតពីរម៉ោង មុនពេលចេញដំណើរ។

សន្និសីទសារព័ត៌មានរបស់ Newcastle បានចាប់ផ្តើមនៅម៉ោង ៩ យប់ ជាងពីរម៉ោងក្រោយការគ្រោងទុក។ ទោះជាយ៉ាងណា សារព័ត៌មាន Daily Mail រាយការណ៍ថា ការបំពានច្បាប់នេះ គ្រាន់តែទទួលការព្រមានពី UEFA មិនមានការដាក់ពិន័យធ្ងន់ធ្ងរឡើយ។

ការប្រកួតរវាង AC Milan ទល់នឹង Newcastle ពូល F ក្របខណ្ឌ UEFA Champions League នឹងធ្វើឡើងនៅម៉ោង ១១:៤៥ នាទីយប់នេះ ដែលជាការប្រកួតលើកដំបូងរបស់ក្រុមសារិកាព្រៃ ចាប់តាំងពីពួកគេបានយកឈ្នះលើ Barcelona ដោយលទ្ធផល ៣-២ កាលពី២៦ឆ្នាំមុន៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង