×

គ្រូ Man City ថា ក្រុមខ្លួនមិនទាន់មានអ្វីពិសេសទេ ក្រោយឈ្នះ UEFA Champions League ទើបបានម្តង

លោក Pep Guardiola គ្រូបង្វឹក Manchester City បាននិយាយថា ក្រុមរបស់លោកមិនបានធ្វើអ្វីពិសេសនោះទេ បន្ទាប់ពីពួកគេបានគ្រងតំណែងជើងឯក UEFA Champions League ទើបបានតែមួយដង។

ក្រោយឈ្នះជើងឯក Premier League និង FA Cup នារដូវកាលមុន ក្រុមមេឃខៀវបានក្លាយជាក្រុមអង់គ្លេសទី២ ដែលឈ្នះពានរង្វាន់ ៣ ក្រោយយកឈ្នះ Inter Milan ក្នុងវគ្គផ្ដាច់ព្រ័ត្រ UEFA Champions League តាមរយៈលទ្ធផល ១-០។

ទាក់ទិននឹងរឿងនេះ លោក Pep Guardiola បាននិយាយថា៖ “អ្វីដែលពិបាកបំផុតនោះគឺ ការឈ្នះពាន Champions League ទី១។ សម្រាប់ក្លិបរបស់យើង ការឈ្នះ Champions League ជារឿងដ៏អស្ចារ្យ ប៉ុន្ដែបើមើលទៅ តើមានប៉ុន្មានក្រុម ដែលឈ្នះ Champions League ម្ដង? គឺមានច្រើនក្រុមណាស់។ យើងមិនបានធ្វើអ្វីអស្ចារ្យទេ ជាមួយនឹងការឈ្នះត្រឹមតែមួយដង ប៉ុន្ដែយើងមានមោទកភាពជាខ្លាំង ដែលយើងអាចឈ្នះវា។”

ដោយឡែក Man City នឹងត្រូវបើកយុទ្ធនាការការពារតំណែងជើងឯកពានរង្វាន់កំពូលអឺរ៉ុបរបស់ខ្លួនដោយពួកគេបានផ្គូផ្គងចូលពូល G រួមជាមួយ ក្រុមអាល្លឺម៉ង់ RB Leipzig ក្រុម Red Star Belgrade មកពីស៊ែប និង ក្រុម Young Boys មកពីស្វីស។
សម្រាប់ការប្រកួតបើកឆាកក្នុងពូល G ក្រុម Man City នឹងត្រូវស្វាគមន៍ក្រុម Red Star Belgrade ក្នុងការប្រកួតដែលនឹងធ្វើឡើងនាយប់នេះ នាកីឡដ្ឋាន Etihad៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង