ខ្សែប្រយុទ្ធ Harry Kane របស់ Bayern Munich បានទទួលស្គាល់ថា Manchester United កំពុងជួបប្រទះជាមួយនឹងស្ថានភាពដ៏លំបាក ប៉ុន្តែគេទទូចថាក្រុមរបស់ខ្លួន មិនអាចមើលស្រាលក្រុមគូប្រជែងមួយនេះបានឡើយ ពេលត្រូវប៉ះគ្នា នៅក្នុងពានរង្វាន់ UEFA Champions League។
ជាការពិត Manchester United បានជួបប្រទះនូវការចាប់ផ្តើមរដូវកាលមិនបានល្អនោះឡើយ ដោយបានចាញ់បីប្រកួត ក្នុងចំណោមការ ៥ ប្រកួតដំបូងរបស់ខ្លួន នៅក្របខណ្ឌ Premier League រួមទាំងការចាញ់ក្រុម Brighton ដោយលទ្ធផល ៣–១ ក្នុងដីខ្លួនឯងផងដែរ។
យ៉ាងណាមិញ ក្រុម Bayern Munich នឹងត្រូវស្វាគមន៍ Manchester United សម្រាប់ការប្រកួតបើកឆាកក្នុងពូល A ក្នុងពានរង្វាន់ UEFA Champions League ហើយបើទោះបីជាការចាប់ផ្តើមរដូវកាលមិនល្អក៏ដោយ តែ Harry Kane យល់ថា Manchester United មិនមែនជាក្រុមអាចមើលស្រាលបាននោះឡើយ។
មុនការប្រកួតរវាងក្រុមទាំង២ចូលមកដល់ Harry Kane បាននិយាយនៅកិច្ចសម្ភាសយ៉ាងដូច្នេះថា៖ “ខ្ញុំកំពុងរំពឹងថានឹងមានការប្រកួតដ៏លំបាកមួយ។ ខ្ញុំដឹងថា Manchester United កំពុងតែជួបបញ្ហានៅពេលនេះ ប៉ុន្តែពួកគេគឺនៅតែមានគ្រោះថ្នាក់ណាស់សម្រាប់ការប្រកួត ពីព្រោះពួកគេតែងតែសម្លឹងរកមើលការវិលត្រលប់មកវិញនូវវិធីដ៏ធំមួយ ” ។
Kane បន្តទៀតថា៖ “យើងត្រូវតែត្រៀមខ្លួនសម្រាប់ពួកគេ ហើយពិតណាស់យើងចង់ធ្វើអោយក្រុមអ្នកគាំទ្រ ជាអ្នកផ្តល់ការលើកទឹកចិត្ត ហើយវានឹងក្លាយជាការប្រកួតដ៏ស្ថិតស្វាញបំផុតមួយ។”
សូមបញ្ជាក់ថា ការប្រកួត រវាង Bayern Munich និង Manchester United នឹងត្រូវធ្វើឡើងនាយប់នេះ នាកីឡដ្ឋាន Allianz Arena៕