×

គ្រូ Liverpool ថា ក្រុមខ្លួននឹងធ្វើឱ្យបានល្អបំផុតសម្រាប់ការប្រកួត UEFA Europa League

លោក Jurgen Klopp គ្រូបង្វឹក Liverpool បាននិយាយកាលពីពេលថ្មីៗនេះថា ក្រុមរបស់លោកបានត្រៀមខ្លួនរួចរាល់ក្នុងការប្រកួត UEFA Europa League រដូវកាលនេះ ហើយគ្រប់គ្នានឹងធ្វើឱ្យបានល្អបំផុត បន្ទាប់ពីបានខកខានកៅអីពានរង្វាន់ UEFA Champions League រួចមក។

ជាការពិត ក្រុមហង្សក្រហមបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៥នៅក្របខណ្ឌ Premier League រដូវកាលមុន ដែលជាចំណាត់ថ្នាក់ទាបបំផុតសម្រាប់ការដឹកនាំរបស់លោក Jurgen Klopp ជាមួយ Liverpool។ នេះវាបានធ្វើឱ្យ Liverpool ត្រូវមកលេងពានកំពូលទី២របស់អឺរ៉ុបជំនួសវិញ។

ទោះយ៉ាងណា លោក Klopp បាននិយាយដាស់តឿនក្រុមលោក ដោយឱ្យចាត់ទុកការប្រកួតគ្រប់ក្របខណ្ឌជាការប្រកួតធំៗ ដែលកូនក្រុមលោកត្រូវយកចិត្តទុកដាក់ និងចង់ឱ្យ Liverpool ឡើងដល់វគ្គក្រោយៗទៀតក្នុងការប្រកួត Europa League ទៅតាមអ្វីដែលក្រុមលោកអាចធ្វើបាន តែអ្វីដែលសំខាន់នោះគឺក្រុមលោកត្រៀមខ្លួនរួចរាល់ក្នុងការប្រកួតនេះ។

គ្រូបង្វឹកជនជាតិអាល្លឺម៉ង់ បានឱ្យដឹងដូច្នេះថា៖ “ខ្ញុំចង់ឱ្យគ្រប់គ្នាគោរពនិងយកចិត្តទុកដាក់ គ្រប់ការប្រកួតទាំងអស់ ហើយវាជារឿងត្រឹមត្រូវ។ យើងមានការប្រកួតដ៏ធំ ហើយគ្រប់គូប្រជែងដែលមកប្រកួតជាមួយយើង គឺយើងត្រូវតែត្រៀមខ្លួនឱ្យរួចរាល់ ១០០ភាគរយ។”

លោក Jurgen Klopp បានបន្តថា៖ “យើងចង់ឡើងទៅដល់វគ្គជ្រៅ ហើយខ្ញុំកាន់តែពេញចិត្តបើយើងឡើងដល់វគ្គផ្តាច់ព្រ័ត្រ។ យ៉ាងណា យើងមានរឿងរ៉ាវជាច្រើននៅចំពោះមុខ តែពួកយើងនឹងនៅតែព្យាយាមធ្វើឱ្យបានល្អបំផុត រាល់ការប្រកួតទាំងនោះ។”

សូមបញ្ជាក់ថា Liverpool បានផ្គូផ្គងចូលពូល E ក្នុងពានរង្វាន់ UEFA Europa League រួមជាមួយក្រុម LASK របស់អូទ្រីស Union Saint-Gilloise របស់បែលហ្ស៊ីក និង Toulouse របស់បារាំង។ ក្រុមហង្សក្រហមនឹងចាប់ផ្តើមយុទ្ធនាការប្រកួតពានរង្វាន់កំពូលទី២អឺរ៉ុប ដោយត្រូវទៅជួបក្រុម LASK នាយប់នេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង