កីឡដ្ឋាន Emirates របស់ក្រុមកាំភ្លើងធំ Arsenal ត្រូវបានគេហៅថាជា “កីឡដ្ឋានរបស់ Arsenal” ក្នុងក្របខណ្ឌ Champions League ដែលបង្កឱ្យមានការចោទជាសំណួរពីហេតុផលនៅពីក្រោយ។
Emirates គឺជាអ្នកឧបត្ថម្ភកីឡដ្ឋានតាំងពីការសាងសង់ ហើយសម្រាប់អ្នកគាំទ្រក្រុមកាំភ្លើងធំជំនាន់ក្រោយៗជាច្រើន វាគឺជាឈ្មោះតែមួយគត់ដែលពួកគេស្គាល់។
ថ្មីៗនេះ ក្លិបបានវិលត្រឡប់ទៅកាន់ក្របខណ្ឌ UEFA Champions League ជាលើកដំបូងចាប់តាំងពីឆ្នាំ ២០១៧ ហើយយកឈ្នះក្នុងការប្រកួតដំបូងរបស់ពួកគេទល់នឹងក្រុម PSV ។
សារព័ត៌មាន Daily Mail បានផ្តល់ការពន្យល់សម្រាប់បញ្ហានេះថា យោងតាមរបាយការណ៍ សហព័ន្ធកីឡាបាល់ទាត់ទ្វីបអឺរ៉ុប (UEFA) មិនទទួលស្គាល់អ្នកឧបត្ថម្ភកីឡដ្ឋានឡើយ ដោយសារបទប្បញ្ញត្តិរបស់ពួកគេទាក់ទងនឹងការឧបត្ថម្ភកីឡដ្ឋាន។ ជាលទ្ធផល នៅក្នុងការប្រកួតរបស់ UEFA គ្រប់កីឡដ្ឋានទាំងអស់ ត្រូវបានកំណត់ដោយឈ្មោះក្លិប ជាជាងឈ្មោះរបស់អ្នកឧបត្ថម្ភ។
ដូច្នេះកីឡដ្ឋាន Emirates នឹងត្រូវហៅថា “កីឡដ្ឋានរបស់ Arsenal” ដរាបណាមិនមានការកែប្រែបទប្បញ្ញត្តិរបស់ UEFA ។
ក្រោយទទួលជ័យជម្នះលើ PSV ដោយលទ្ធផល ៤-០ កូនក្រុមរបស់លោក Mikel Arteta នឹងត្រូវបើកទ្វារកីឡដ្ឋាន Emirates ស្វាគមន៍ក្រុមភ្ញៀវ Tottenham Hotspur ក្នុងការប្រកួតក្របខណ្ឌ Premier League នាថ្ងៃអាទិត្យ ទី២៤ ខែកញ្ញា វេលាម៉ោង ៨:០០ យប់ ដែលនឹងមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខលើកញ្ចក់ទូរទស្សន៍ CTN តែមួយគត់នៅប្រទេសកម្ពុជា៕