អតីតគ្រូបង្វឹក Manchester United លោក Ole Gunnar Solskjaer បានចោទប្រកាន់ការចុះកិច្ចសន្យាសាជាថ្មីជាមួយខ្សែប្រយុទ្ធ Cristiano Ronaldo បានធ្វើឱ្យក្រុមខុសគម្រោងការ ក្នុងការប្រជែងពានរង្វាន់ផ្សេងៗ។
លោក Solskjaer ដែលបានកាន់តំណែងគ្រូបង្វឹកក្រុមបិសាចក្រហមរយៈពេលជិត ៣រដូវកាល ដោយនៅរដូវកាលចុងក្រោយរបស់លោកក្នុងឆ្នាំ ២០២១ នៅពេលដែលមានវត្តមានរបស់ម្ចាស់ពានរង្វាន់ Ballon d’Or ៥សម័យចូលរួមក្រុម។
ពេលនោះការផ្ទេរទៅលើកីឡាករ វ័យ ៣៨ឆ្នាំ ត្រូវបានគេមើលឃើញថាបានវាយប្រហារដល់គម្រោងដែលក្រុម Man Utd បានរៀបចំសម្រាប់ការប្រជែងពានរង្វាន់ Premier League ក្រោយពេលពួកគេបានបញ្ចប់រដូវកាល ២០២០-២១ ក្នុងចំណាត់ថ្នាក់លេខ ២។
ប៉ុន្តែរឿងរ៉ាវត្រូវបានផ្លាស់ប្តូរ ដោយក្រុមធ្វើមិនបានល្អជាបន្តបន្ទាប់ពីការប្រកួតបរាជ័យ រហូតក្លិបបានបណ្តេញលោក Solskjaer ចេញពីតំណែងនៅចុងឆ្នាំ ២០២១។ ឈានចូលការដឹកនាំថ្មីរបស់គ្រូបង្វឹកលោក Erik ten Hag មិនដល់រយៈពេល ១រដូវកាលផងនោះ Ronaldo ត្រូវបានផ្តាច់កុងត្រាជាមួយក្រុមក្រោយរូបគេរិះគន់អ្នកចាត់ការក្រុមថាចង់ធ្វើឱ្យគេចាកចេញពីក្រុម។
ដោយឡែកក្រៅពី Ronaldo អតីតគ្រូបង្វឹករូបនេះ ក៏បានលើកឡើងពីខ្សែការពារ Harry Maguire ដែលជាកីឡាករម្នាក់លោកបាននាំយកមកចូលរួមក្រុម។ លោក Solskjaer បាននិយាយអំពីការដែល Maguire ទទួលរងការរិះគន់ខ្លាំង ហើយថែមទាំងលើកទឹកចិត្តដល់ខ្សែការពាររូបនោះឱ្យមានភាពរឹងមាំ និងកែប្រែទម្រង់លេងសាឡើងវិញ។
បច្ចុប្បន្ន Man United ស្ថិតក្រោមការដឹកនាំរបស់លោក Erik Ten Hag កំពុងធ្លាក់ចូលវិបត្តិ ដោយក្រុមបានឈរនៅចំណាត់ថ្នាក់លេខ ១៣ នៃក្របខណ្ឌ Premier League ក្រោយឆ្លងកាត់ ៥ប្រកួត ឈ្នះ ២ ចាញ់ ៣ ស្របពេលមានបញ្ហាកីឡាករល្អៗរបួសច្រើន។ Man Utd ចាប់តាំងពីឆ្នាំ ២០១៣ មកពុំធ្លាប់ឈ្នះពានរង្វាន់លីគកំពូលអង់គ្លេសសូម្បីតែមួយដង៕