×

ប្រធានក្លិប Spurs ថាការតែងតាំងគ្រូបង្វឹក Mourinho និង Conte ជាកំហុស

លោក Daniel Levy ប្រធានក្លិប Tottenham Hotspur និយាយថា ក្លិបបានសាងកំហុស ក្នុងការតែងតាំងគ្រូបង្វឹកដែលធ្លាប់បានឈ្នះពានរង្វាន់រួចកាលពីមុនៗមក ដូចជាលោក Jose Mourinho និងលោក Antonio Conte ធ្វើឱ្យក្រុមធ្លាក់ចូលក្នុងវិបត្តិ។

អតីតគ្រូបង្វឹក Mourinho និង Conte សុទ្ធសឹងតែធ្លាប់បានដឹកនាំក្លិបដទៃឈ្នះពានរង្វាន់ Premier League ដូចគ្នា ប៉ុន្តែគ្រូបង្វឹកទាំងពីរត្រូវបានក្រុម Spurs បណ្តេញចេញពីតំណែងក្រោយដឹកនាំមិនដល់រយៈពេល ១៨ខែ បន្ទាប់ពីធ្វើមិនសូវបានល្អសម្រាប់លទ្ធផលការប្រកួត។ បច្ចុប្បន្ន Spurs ស្ថិតក្រោមការដឹកនាំរបស់លោក Ange Postecoglou ឈរចំណាត់ថ្នាក់លេខ ២ នៅដើមរដូវកាលថ្មី ២០២៣-២៤។

លោក Levy ប្រធានក្លិប ក៏បានលើកឡើងអំពីសម្ពាធក្រោយពេលក្លិបបានបណ្តេញលោក Mauricio Pochettino ចេញពីតំណែងហើយតែងតាំងគ្រូដែលធ្លាប់ដឹកនាំក្រុមដទៃឈ្នះពាន។

លោក Levy បានលើកឡើងថា៖ “ពេលនេះយើងបាននាំ Tottenham វិលត្រលប់មកល្អឡើងវិញហើយ។ យើងត្រូវការចំណាយប្រាក់ យើងត្រូវការអ្នកចាត់ការល្បីៗ ហើយវាបានប៉ះពាល់ដល់ខ្ញុំ។ យុទ្ធសាស្ត្រនាំគ្រូបង្វឹកឈ្នះពាន យើងធ្វើ ២ដងរួចមកហើយ យើងបានរៀនសូត្រពីកំហុសទាំងនេះ។”

លោក Mourinho និង Conte សុទ្ធសឹងតែធ្លាប់ដឹកនាំក្រុម Chelsea ឈ្នះពានរង្វាន់ Premier League ដូចគ្នាកាលពីមុនមកដឹកនាំក្រុមរហស្សនាមមាន់ខ្នាយមាស។ លោក Mourinho សញ្ជាតិព័រទុយហ្គាល់ ដឹកនាំក្រុមតោខៀវឈ្នះ Premier League ៣លើក ត្រូវបានតែងតាំងជាគ្រូ Spurs ក្នុងឆ្នាំ ២០១៩ ហើយដឹកនាំក្រុមបានត្រឹមចំណាត់ថ្នាក់លេខ ៦ នៅរដូវកាលដំបូង ហើយត្រូវដេញចេញក្នុងឆ្នាំ ២០២១។

លោក Conte វិញត្រូវបានដឹកនាំក្រុមក្រោយពេល Spurs បណ្តេញលោក Nuno Espirito អតីតអ្នកចាត់ក្រុម Wolver តែក៏ត្រូវបណ្តេញចេញពាក់កណ្តាលរដូវកាល ២០២២-២៣ ក្រោយមានជម្លោះជាមួយកីឡាករ។

បច្ចុប្បន្នក្រោមការដឹកនាំរបស់លោក Postecoglou អតីតគ្រូបង្វឹកក្រុមជម្រើសជាតិអូស្ត្រាលី និងក្រុម Celtic បានជួយ Spurs ប្រកួតឈ្នះជាបន្តបន្ទាប់នៅដើមរដូវកាលថ្មី Premier League។ ៥ប្រកួតកន្លងមក Spurs យកឈ្នះបាន ៤ប្រកួត និងស្មើ ១ប្រកួត ដោយការឈ្នះធំបំផុតនោះគឺលើក្រុម Manchester United នាថ្ងៃបើករដូវកាលថ្មីលទ្ធផល ២-០ បន្ទាប់មក Burnley លទ្ធផល ៥-២។

Spurs នឹងធ្វើដំណើរទៅកាន់កីឡដ្ឋាន Emirates ដើម្បីប្រកួតជាមួយ Arsenal ក្នុងការប្រកួតក្របខណ្ឌ Premier League នាថ្ងៃអាទិត្យ ទី២៤ ខែកញ្ញា វេលាម៉ោង ៨:០០ យប់ ដែលនឹងមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខលើកញ្ចក់ទូរទស្សន៍ CTN តែមួយគត់នៅប្រទេសកម្ពុជា៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង